Olivia Kong ឆួលចុងច្រមុះ ចំពោះសិស្សខ្មែរខ្លះ ក្រោយសិស្សដើរម៉ូដពីប្រទេសចំនួន ៦ សរសើរកម្ពុជា

  • 2023-07-20 03:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកច្នៃម៉ូដ និងដើរម៉ូដ Oliva Kong ទើបទទួលស្វាគមន៍សិស្សដើរម៉ូដពីបណ្ដាប្រទេសនៅអាស៊ី និងប៉ែកអ៊ឺរ៉ុបមួយចំនួន ដើម្បីបណ្ដុះបណ្ដាលផ្នែកដើរម៉ូដនៅកម្ពុជា។ ស្រាបពេលគ្នានេះ លោកក៏ទទួលបានពាក្យកោតសរសើរពីកូនសិស្សបរទេសទាំងនោះថា ប្រទេសកម្ពុជាតូចមែន ប៉ុន្ដែសម្បូរធនធានសិល្បៈ។

តាមរយៈគណនីហ្វេសប៊ុករបស់លោកកាលពីល្ងាចមិញ Oliva ឲ្យដឹងថា កូនសិស្សរបស់លោកដែលធ្វើដំណើរតាមយន្ដហោះពីសហរដ្ឋអាមេរិក ជប៉ុន ចិន ថៃ វៀតណាម និងរុស្សី បាននិយាយនៅចំពោះមុខលោកថា ពួកគេពិតជាមានមោទនភាពដែលបានឃើញប្រទេសកម្ពុជាសម្បូរធនធានសិល្បៈខ្លាំងៗបែបនេះ។

ក្រោយពីបានឮពាក្យកោតសរសើរក៏ក្រៃលែងនេះ Oliva ក៏ឆ្លៀតនិយាយដាស់តឿនទៅកាន់សិល្បករ-សិល្បការិនីខ្មែរមួយចំនួនថា កន្លងទៅមានសិស្សដើរម៉ូដខ្លះហ្វឹកហាត់ជាមួយលោករាប់ឆ្នាំ ពោលគឺតាំងពីមិនទាន់ចេះដើររហូតដល់ដើរបានស្អាត ប៉ុន្ដែពេលគេមានសមត្ថភាព គេហោះទៅរៀននៅបរទេស២ ឬ៣សប្ដាហ៍ ក៏ស្រាប់តែឲ្យក្រេឌីត ឬឲ្យតម្លៃគុណភាពសិក្សាទៅបរទេសទៅវិញ។

ក្នុងនាមជាអ្នកស្រឡាញ់ការដើរម៉ូដ និងច្នៃម៉ូដខ្មែរមួយរូប លោក Oliva Kong ចង់ឃើញសិល្បករ-សិល្បការិនីខ្មែរដែលមានឱកាសច្រើនក្នុងការផ្សព្វផ្សាយសិល្បៈ ឬវប្បធម៌ខ្មែរទៅកាន់ឆាកអន្ដរជាតិ គួរគោរពស្រឡាញ់អ្វីដែលជារបស់ខ្មែរ ហើយគាំទ្រ ឬលើកទឹកចិត្ដខ្មែរគ្នាឯងឲ្យពិតប្រាកដ ជាជាងនិយាយតែមាត់៕

ជិន សុភ័ក្ដ្រ