ពាក្យសម្តីមួយម៉ាត់​របស់ពូទីន នឹង​ធ្វើឱ្យប្រេន​រថយន្ត​រុស្ស៊ីកាន់តែខ្លាំង

  • 2023-08-07 03:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេន​រថយន្តរុស្ស៊ី នឹង​កែប្រែមុខមាត់​របស់ខ្លួន​ឱ្យកាន់តែខ្លាំង​សម្រាប់ទីផ្សារក្នុងស្រុក បន្ទាប់ពី​ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ជំរុញ​ឱ្យ​មន្រ្តី និង​អ្នកជំនួញ ប្រើប្រាស់​រថយន្ត​ដែល​ផលិត​ក្នុងស្រុក ជាជាង​ប្រើរថយន្ត​បរទេស។

ក្នុងកិច្ចប្រជុំ​មួយ​កាលពីថ្ងៃទី៣ ​ខែ​សីហា​កន្លងទៅ លោក​ ពូទីន បាន​និយាយថាក្រសួង​ ភ្នាក់ងារ និង​រដ្ឋការ​ទាំងអស់ គួរ​តែ​ជិះរថយន្ត​ក្នុងស្រុក​វិញទៅ។ «មន្ត្រី​របស់យើង​ទាំងអស់​ អាច​នឹង​ឆ្ងល់​ចំពោះរឿងនេះ ប៉ុន្តែត្រូវដឹងថា យើង​គួរតែ​តស៊ូ​អភិវឌ្ឍ​ប្រេន​រថយន្ត​ក្នុងស្រុក និង​ផលិត​ផល​ក្នុងស្រុក​ដទៃទៀតផងដែរ»។

យ៉ាងណាក៏ដោយ លោក ពូទីន ក៏បាន​ទទួលស្គាល់ដែរ​ថា ការប្រើរថយន្តប្រេនក្នុងស្រុក នឹងមិនឡូយឆើតឆាយ​ដូច​ប្រេន​រថយន្ត​បរទេស​នោះទេ ប៉ុន្តែ​លោក​ថា​នោះគឺ​ជារឿងល្អមួយ។

គួរ​ដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ទីផ្សារ​រថយន្ត​រុស្ស៊ី បាន​ទទួល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច និង​ការផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​រថយន្តធំៗដូចជា Volkswagen, Mercedes-Benz និង Nissan បន្ទាប់ពីប្រទេសនេះ​ឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញ វាបែរ​ជាផ្តល់​ឱកាស​ដល់ប្រេនរថយន្ត​រុស្ស៊ី និង​ប្រេនចិន ក្នុងទីផ្សារប្រទេស​នេះទៅវិញ។

ទិន្នន័យ​មួយចេញផ្សាយ​កាលពី​ថ្ងៃទី៤ ខែសីហា បង្ហាញ​ថា ការលក់​រថយន្ត​នៅក្នុងប្រទេសរុស្ស៊ី ក្នុងខែកក្កដា ឆ្នាំ​២០២៣ បានកើនឡើង ១៦៨,៨% ឯណោះស្មើនឹង​ចំនួនជាង ៩ម៉ឺន ៥ពាន់គ្រឿង បើប្រៀបធៀបនឹង​ខែកក្កដា ឆ្នាំ​២០២២ ដែលលក់បានត្រឹមជាង ៣ម៉ឺន ៥ពាន់គ្រឿង៕

អត្ថបទ៖ សំភី