ជោគជ័យជាទីសាទរ! Oliva Kong ឈ្នះពានដ៏ឆ្នើម ក្រោយដឹកនាំម៉ូដែលច្រើនរូបហោះទៅបង្ហាញម៉ូដដល់វៀតណាម

  • 2023-08-07 06:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមោទកភាពដ៏អស្ចារ្យថ្មីមួយទៀត សម្រាប់ជនរួមជាតិខ្មែរ ក្រោយពេលអ្នកច្នៃម៉ូដ និងជាគ្រូបង្វឹកការដើរម៉ូដដ៏ល្បី Oliva Kong បាន​ទទួលភាពជោគជ័យ​ថ្មីលើឆាក Fashion ដោយទទួល​បានពាន "Best International Designer Award 2023” នៅក្នុងប្រទេស​វៀតណាម។

លោក Oliva Kong ដែលមានឈ្មោះពិត ម៉ែន សីហា បាន​ដឹកនាំកុមារកម្ពុជា រួមទាំងតារាម៉ូដែលផ្សេងទៀតសរុបចំនួន ២៦ រូប ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយបាន​បង្ហាញឈុតឥតខ្ចោះជា​ច្រើន Collection បែបអាពាហ៍ពិពាហ៍ ចេញពីការច្នៃម៉ូដផ្ទាល់ KALKIN S/S Collection 2023 ឡើងលើឆាកអន្តរជាតិ នៅក្នុងកម្មវិធី Vietnam International Junior Fashion Week ដែលធ្វើឡើងនៅប្រទេស​វៀតណាម។ សរុបទាំងកម្ពុជា មាន​ប្រទេស​ទាំងអស់ចូលរួមចំនួន ១២ និងអ្នកច្នៃម៉ូដចំនួន ២២ រូប។ អ្វីដែលជាលទ្ធផលជាទីសាទរ នោះ គឺអ្នកច្នៃម៉ូដ Oliva Kong ដែល​តំណាង​ឲ្យកម្ពុជាបាន​ទទួលកិត្តិយសអស្ចារ្យ ដោយ​បាន​ឈ្នះពានរង្វាន់ "Best International Designer Award 2023”

ថ្លែងពីទឹកចិត្ត លោក Oliva Kong បាន​និយាយថាខ្លួនពិតជារំភើប​យ៉ាងខ្លាំងសម្រាប់ជោគជ័យមួយនេះ​ក្នុងនាមជា Designer ម្នាក់ ហើយកាន់តែមានមោទកភាពក្រៃលែងនោះ គឺខ្លួនបាន​ដឹកនាំកុមារតូចៗ និងតារាម៉ូដែលជា​ច្រើនឡើងលើឆាកម៉ូដលំដាប់អន្តរជាតិនៅពេល​នេះ។ បន្ថែមពីលើនេះលោក Oliva ក៏មិនភ្លេចក្នុងការសម្ដែងការអរគុណដល់តារាម៉ូដែល ក៏ដូចជាក្រុមការងារដែលបាន​ចូលរួមជាផ្នែក​សំខាន់ ធ្វើឲ្យជោគជ័យនេះ​កើតឡើងបាន៕