និយ័តករទូរគមនាគមន៍កម្ពុជា៖ អ្នកប្រើប្រាស់មិនបានបញ្ចូលលុយ​ឬឈប់ប្រើកន្លះឆ្នាំ ចាំដកហូតលេខទូរសព្ទរបស់ពួកគេ ទៅលក់ឱ្យអ្នកផ្សេង

  • 2023-08-15 08:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទ ត្រូវកំណត់រយៈពេលនៃការបន្តបើកដំណើរការលេខទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនី ដោយបែងចែកជាដំណាក់កាលដូចខាងក្រោម៖

-ដំណាក់កាលទី១: ត្រូវកំណត់រយៈពេល ៦០ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរសព្ទចេញ ការផ្ញើសារខ្លី (SMS) ចេញ និងការប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់អាចទូរសព្ទចេញទៅកាន់លេខសង្គ្រោះបន្ទាន់ ១១៧ (នគរបាល) ១១៨ (រថយន្តពន្លត់អគ្គីភ័យ) និង ១១៩ (រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។

-ដំណាក់កាលទី២: ត្រូវកំណត់រយៈពេល ៣០ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរសព្ទចេញ និងចូល ការផ្ញើសារខ្លីចេញនិងចូល និងការប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់អាចទូរសព្ទចេញទៅកាន់លេខសង្គ្រោះបន្ទាន់ ១១៧ (នគរបាល) ១១៨ (រថយន្តពន្លត់អគ្គីភ័យ) និង ១១៩ (រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។

-ដំណាក់កាលទី៣: ត្រូវបញ្ឈប់ដំណើរការ និងបន្តរក្សាទុកលេខទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល ៩០ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់លេខទូរសព្ទចល័ត អាចស្នើសុំឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត បើកដំណើរការសាជាថ្មីនូវលេខទូរសព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ។

បន្ទាប់ពីដំណាក់កាលទី១ ទី២ និងទី៣ខាងលើ ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអាចដកហូតលេខទូរសព្ទចល័ត ដែលពុំមានការប្រើប្រាស់ និងដាក់លក់លេខទូរសព្ទនោះសាជាថ្មីឡើងវិញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី