TikTok ធ្វើដល់ថ្នាក់​នេះហើយ ដោយសង្ឃឹមថា អឺរ៉ុបឈប់ខ្លាច​រឿងលួចទិន្នន័យទៀត

  • 2023-09-06 04:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបង្កើនទំនុកចិត្ត​ដល់​អឺរ៉ុប ចំពោះ​សុវត្ថិភាព​ទិន្នន័យ​អ្នកប្រើប្រាស់ TikTok ដែល​ជារបស់​ក្រុមហ៊ុន ByteDance បានបើក​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​អឺរុប នៅក្នុងទីក្រុង Dublin ប្រទេស​អៀរឡង់​តែម្តង។

បន្ថែម​លើសនេះ TikTok ក៏បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនសន្តិសុខ​អឺរ៉ុប ​ឱ្យ​វាយតម្លៃសវនកម្ម​នូវ​ការគ្រប់គ្រង​ការពារ​ទិន្នន័យ និង​សន្តិសុខអ៊ីនធើណែត។

ការសម្រេច​បង្កើត​ឱ្យមាន​មជ្ឈមណ្ឌល​ទិន្នន័យ​នេះ បន្ទាប់ពី​រដ្ឋាភិបាលអង់គ្លេស សភាអឺរ៉ុប ​គណៈកម្មការអឺរ៉ុប និង​ក្រុមប្រឹក្សាអឺរ៉ុប បាន​ហាមឃាត់​កម្មវិធី​វីដេអូខ្លីៗ TikTok ដំឡើងនៅលើទូរសព្ទ​របស់​មន្រ្តីខ្លួន ដោយបារម្ភ​ពី​សុវត្ថិភាព​ទិន្នន័យ។

កន្លងមក ទាំង​រដ្ឋាភិបាល​អាមេរិក និង​អឺរ៉ុប បាន​ចោទប្រកាន់ក្រុមហ៊ុននេះថា បាន​លួច​ទិន្នន័យ​អ្នកប្រើប្រាស់​ TikTok ប្រគល់​ឱ្យរដ្ឋាភិបាល​ចិន ប៉ុន្តែតែងតែ​ត្រូវបាន​ក្រុមហ៊ុន​នេះច្រានចោលផងដែរ។

ក្រៅពី​មជ្ឈមណ្ឌលទិន្នន័យ​នៅក្រុង Dublin នេះ ក្រុមហ៊ុន ByteDance ក៏មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌលទិន្នន័យក្នុង​ប្រទេសអៀរឡង់ ១កន្លែងទៀត និង​នៅ​តំបន់ Hamar ប្រទេស​ន័រវេផងដែរ។ ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ TikTok នៅអឺរ៉ុប ប្រមាណជាង ១៥០លាននាក់ នឹងត្រូវ​រើទៅផ្ទុក​តាមមជ្ឈមណ្ឌល​ទិន្នន័យទាំង៣នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សំភី