គីម ជុងអ៊ុន ជិះរថភ្លើង​ទៅជួបពូទីន ដល់រុស្ស៊ី! រថភ្លើងនេះ មើលពីក្រៅសាមញ្ញៗ តែ​ពោរពេញដោយភាពប្រណីត និង​អាច​ការពារគ្រាប់កាំភ្លើង-គ្រាប់បែក

  • 2023-09-12 09:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ធ្វើដំណើរ​ទស្សនកិច្ច​នៅប្រទេសរុស្ស៊ី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ប៉ុន្តែ​លោក​ធ្វើដំណើរ​តាម​រថភ្លើង​ប្រចាំត្រកូល​របស់​លោកតែប៉ុណ្ណោះ។

ការពិតទៅ វាពុំមែន​ជារឿងថ្មីសម្រាប់មេដឹកនាំកូរ៉េខាងជើង ដែល​ជិះតែ​រថភ្លើងនេះឡើយ ពោលគឺ​កន្លងមក​ លោក គីម ជុងអ៊ុន តែង​តែ​ជិះ​រថភ្លើង​សម្រាប់ទស្សនកិច្ចនៅក្រៅប្រទេសជានិច្ច ដូចជាកាលទៅ​ប្រទេសចិនផងដែរ។ មូលហេតុនោះគឺដោយសារតែ ការធ្វើដំណើរ​តាម​រថភ្លើងនេះ គឺមាន​សុវត្ថិភាព​ជាង​មធ្យោបាយ​ណាៗទាំងអស់។

យោងតាម​របាយការណ៍​របស់​ក្រសួង​ផ្សះផ្សារជាតិ​កូរ៉េខាងត្បូង បាន​ឱ្យដឹងថា រថភ្លើង​របស់​លោក គីម ជុងអ៊ុន មាន​បង្អួច​កញ្ចក់ដ៏រឹងមាំ​ដែល​អាច​ការពារគ្រាប់​កាំភ្លើងបាន។ លើសពីនេះ ជញ្ជាំង និង​បាតរថភ្លើង គឺសុទ្ធតែ​អាច​ការពារ​ពីការបំផ្ទុះគ្រាប់បែក​ទៀតផង។ ជាមួយគ្នានេះ វា​ក៏បំពាក់​អាវុធ​សម្រាប់​វាយប្រហារ​ និង​ឧទ្ធម្ភាគចក្រ​មួយ​សម្រាប់​រត់គេច​ក្នុងករណី​មាន​អាសន្ន។

ក្រៅពីសុវត្ថិភាពខ្ពស់ រថភ្លើងនេះ ក៏មានភាព​ប្រណីតខ្ពស់​ផងដែរ។ យោងតាម​របាយការណ៍​មួយ​ចេញផ្សាយដោយ Reuters ក្នុងអំឡុងដំណើរ​របស់លោក គីម ជុងអ៊ុន ទៅកាន់វៀតណាម កាលពីឆ្នាំ​២០១៩ ឱ្យដឹងថា រថភ្លើងនេះ មានទូចំនួន ២១ ដែល​រួមមាន បន្ទប់​សន្និសីទ បន្ទប់ទទួលទានអាហារ និង​សម្រាក។ រថភ្លើងនេះ ក៏មានទូរសព្ទ​ដែលភ្ជាប់​ជាមួយផ្កាយរណប​ផងដែរ ដែល​មេដឹកនាំផ្តាច់ការរូបនេះ នៅតែ​អាចគ្រប់គ្រងប្រទេស​ពីចម្ងាយ។ ក្រៅពីនេះ វាក៏មានផ្ទុករថយន្ត Mercedes-Benz limousines ទៅជាមួយលោក​ផងដែរ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី