​មកដឹង​ពីរន្ធ USB-C ដែល​បំពាក់​លើ iPhone 15 ជាលើកដំបូង

  • 2023-09-13 03:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញនេះ ក្រុមហ៊ុន Apple បាន​ប្រកាស​ចេញ iPhone 15 ចំនួន៤ម៉ូឌែល គឺ iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max ដែល​បាន​ផ្លាស់ប្តូររន្ធសាកថ្មពី Lightning មក USB-C ជាលើកដំបូង ដូចការលើកឡើងនាពេលកន្លងមកពិតមែន។

គួរបញ្ជាក់ថា រន្ធ USB-C គឺត្រូវបាន​ប្រើប្រាស់ទូលំទូលាយ​ក្នុងពិភពលោក ហើយ Apple បាន​នាំយកបច្ចេកវិទ្យានេះ មកដាក់លើ iPhone ស៊េរីថ្មីខាងលើដោយ​​អនុញ្ញាតឱ្យអ្នកប្រើប្រាស់​អាចសាកថ្ម ផ្ទេរទិន្នន័យ និងភ្ជាប់ជាមួយ Accessory ផ្សេងៗ​ដូចជាកាសប្រើខ្សែ​ជាដើម។ ជាមួយគ្នានេះ ប្រសិន​បើកាស AirPod ឬ Apple Watchអស់ថ្ម គឺ​អ្នក​អាចសាកថ្មចេញពី iPhone 15 នេះផ្ទាល់តែម្តង។

យ៉ាងណាមិញ ទោះ​វា​បំពាក់​រន្ធនេះ​ដូចគ្នាទាំងអស់​មែន ប៉ុន្តែ iPhone 15 និង iPhone 15 Plus បំពាក់រន្ធ USB-C 2.0 ចំណែក iPhone 15 Pro និង iPhone 15 Pro Max បំពាក់រន្ធ USB-C 3.0។ ក្នុងនោះ​ការផ្ទេរទិន្នន័យ iPhone ដែលបំពាក់រន្ធ USB-C 2.0 គឺមានល្បឿន​ត្រឹម 480 Mbps ប៉ុណ្ណោះ ដូចរន្ធ Lightning លើ iPhone ស៊េរីមុនដែរ។ ចំពោះរន្ធ USB-C 3.0 គឺមានល្បឿនផ្ទេរទិន្នន័យរហូតទៅដល់ 10 Gbps ឯណោះ។

ចំពោះ​ល្បឿន​សាកថ្មវិញ Apple មិន​បានលម្អិតអ្វីច្រើនទេ ដោយ​គ្រាន់តែ​អះអាងថា អ្នកអាចសាកថ្ម iPhone 15 ពី ០ ដល់ ៥០% ប្រើពេល ៣០នាទី ដោយប្រើប្រាស់​ឆ្នាំសាក 20W។

គួរកត់សម្គាល់ថា ការផ្លាស់ប្តូរមកដាក់រន្ធ USB-C លើ​ iPhone ស៊េរីថ្មីរបស់ Apple នេះ បន្ទាប់​ពី​សហភាពអឺរ៉ុប បាន​ចេញច្បាប់​ដែលតម្រូវឱ្យ​ឧបករណ៍អេឡិចត្រូនិចដូចជា ស្មាតហ្វូន កុំព្យូទ័រ ថេប្លេត កាមេរ៉ា និង​កាស ត្រូវ​បំពាក់មក​ជាមួយរន្ធស្តង់ដារ USB-C តែមួយ​ដូចគ្នា នៅត្រឹមចុងឆ្នាំ​២០២៤៕

អត្ថបទ៖ សំភី