ឃើញមុខងារ​របស់ iOS 17 ហើយ ច្បាស់​ជាឆ្លេឆ្លារក WiFi ដើម្បី​ដំឡើង​ជាក់ជាមិនខាន

  • 2023-09-19 03:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញនេះ ក្រុមហ៊ុន Apple បាន​បញ្ចេញផ្លូវការ​ហើយ​ប្រតិបត្តិការជំនាន់ថ្មី iOS 17 ដែល​បំពាក់​មុខងារ​ពិសេស​ថ្មីៗជាច្រើនគួរឱ្យចាប់អារម្មណ៍មែនទែន។ តែយ៉ាងណាក៏គួរសោកស្តាយ​ផងដែរសម្រាប់ iPhone ស៊េរីចាស់ៗ ព្រោះថា ស្មាតហ្វូន​ដែល​អាចដំឡើង iOS 17 គឺ​ចាប់ពី iPhone XR មកដល់ iPhone 15 រួមទាំង iPhone SE ចាប់ពីជំនាន់ទី២មក។

ខាងក្រោមនេះ គឺ​ជាមុខងារ​សំខាន់ៗចំនួន ១០ ដែលមក​ជាមួយ​ iOS 17៖

១. StandBy: វាបង្ហាញ​អេក្រង់ពេញ​តែម្តងងាយស្រួល​ឱ្យអ្នកប្រើប្រាស់ មើលឃើញ​ពេល​ដាក់នៅឆ្ងាយ​ពីខ្លួន ឬដាក់នៅចំហៀង ឬកំពុងសាកថ្មជាដើម។ ផ្ទៃ interface របស់​មុខងារនេះ អាច​កំណត់​បង្ហាញ​ជាម៉ោង ប្រតិទិន រូបថត​ ព្យាករណ៍អាកាសធាតុ ចាក់ចម្រៀង Widget និង​ផ្សេងៗ។

២. Contact Posters: iOS 17 អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាចបង្កើត​ជារូប Poster ដែលវា​នឹង​បង្ហាញ​ក្នុងអំឡុងពេល​មាននរណាម្នាក់​ខលចូលមក។ រូប Poster នេះ អាច​ដាក់​ជារូបថតក៏បាន ឬរូប Memoji ក៏បានហើយពណ៌ font និង background ក៏អាច​កំណត់​បាន​ផងដែរ។

៣. NameDrop: មុខងារ​នេះ​ គឺមាន​ភាព​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ក្នុងការ​ចែករំលែក​ព័ត៌មាន​ពី​ឈ្មោះ​លេខទូរសព្ទ ឬអ៊ីម៉ែល​ដែល​បានរក្សាទុក ទៅកាន់​ iPhone មួយទៀត​ ដោយគ្រាន់​តែដាក់ស្មាតហ្វូនទាំងពីរ​ជាប់គ្នា។

៤. Live Voicemail: មុខងារ​នេះ​ផ្តល់​ការកត់ត្រា​នៅម៉ោងជាក់លាក់លើអេក្រង់​ ខណៈ​មាននរណាម្នាក់បានផ្ញើ Voicemail មក។

៥. Swipe to Reply in iMessage: ប្រសិន​បើមានអ្នកផ្ញើសារតាមកម្មវិធី Messages មក គឺលោកអ្នកគ្រាន់តែ​គ្រវាស​លើអេក្រង់​ទៅខាងស្តាំលើ​សារណាមួយ នឹង​ចូល​ដល់កន្លែង​ឆាតនោះផ្ទាល់តែម្តង។

៦. Interactive Widgets: មុខងារនេះ គឺ​មាននៅលើ​ iPhone ទាំង Home Screen, Lock Screen និង StandBy View ថ្មី។

៧. Improved Autocorrect: ប្រព័ន្ធ​ប្រតិបត្តិការនេះ កាន់តែមានភាពវៃឆ្លាត​ក្នុងការជួយកែអក្ខរាវីរុទ្ធឱ្យកាន់តែល្អប្រសើរឡើង។ លើសពីនេះ វា​ក៏អាច​ផ្តល់បង្ហាញ​ពាក្យ ឬប្រយោគ​មកស្រាប់នូវអ្វី​ដែល​យើងសរសេរ​ទៀតផង។

៨. Apple Maps Offline: iOS 17 មានសមត្ថភាព​អាចឱ្យ​អ្នកប្រើប្រាស់​ដោនឡូត​ទុក​ទីតាំងណាមួយ​ក្នុង Map សម្រាប់ប្រើប្រាស់ពេល​គ្មាន​អ៊ីនធើណែត។

៩. Stickers Drawer: iOS 17 ផ្តល់​ឱ្យ​ការប្រើប្រាស់​ Sticker ទាំងអស់ ដោយរួមមាន Live Stickers, emoji, Memoji និង iMessage sticker នៅ​កន្លែងតែមួយ។ ចំពោះ Live Stickers អាច​ត្រូវបាន​បង្កើត​ដោយ​ការថាច់ និង​ hold ចំណុច​ណាមួយ​លើរូបភាពដូចជារូបឆ្មា ឬឆ្កែ ជាដើម។

១០. Hey Siri ​ត្រូវបាន​កាត់បន្ថយមកខ្លីត្រឹមតែហៅថា Siri បានហើយ​សម្រាប់​ប្រើប្រាស់​បើក​ voice assistant។

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សំភី