សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលចុះហត្ថលេខាលើអនុស្សរណះ ស្ដីពីការសហការឧបត្ថម្ភអភិវឌ្ឍវិស័យកីឡាបាល់ទាត់

  • 2023-09-19 08:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អញ្ជើញចូលរួមយ៉ាងកក់ក្ដៅ ក្នុងពីធីចុះហត្ថលេខាលើអនុស្សារណះ នៃការយោគយល់គ្នា ជាដៃគូឧបត្ថម្ភរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្រោមអធិបតីភាព បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

គោលនយោបាយសង្គមកិច្ចរបស់ធនាគារ អេស៊ីលីដា ស្ដីពីទំនួលខុសត្រូវសង្គម ផ្សារភ្ជាប់នឹងគោលនរយោបាយរបស់រាជរដ្ឋានភិបាលក្នុងការលើកកម្ពស់វិស័យកីឡា និងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាប្រកបដោយនិរន្តភាព។ ធនាគារ អេស៊ីលីដា បានចូលរួមចំណែកគាំទ្រ និងជុំរុញការអភិវឌ្ឍលើកកម្ពស់កីឡាបាល់ទាត់កម្ពុជា តាមរយះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការឧបត្តម្ភជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០២៤។

ស្ថិតនៅក្នុងឱកាសដ៏មានសារះសំខាន់នេះ ធនាគារ អេស៊ីលីដា ពិតជាមានកិត្តិយស និងមទោនភាពក្រៃលែងដែលបានរួមចំណែកជាដៃគូសហការឧបត្តម្ភដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគាំទ្រការអភិវឌ្ឍទេពកោសល្យរបស់កីឡាករបាល់ទាត់យើងឱ្យកាន់តែប្រសើរ។

នៅក្នុងឱកាស ចុះហត្ថលេខា លើអនុស្សារណះ នៃការយោគយល់គ្នា ជាដៃគូឧបត្ថម្ភរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងពីគោលការណ៍គន្លឺះនៅក្នុងការអភិវឌ្ឍបាល់ទាត់កម្ពុជាមានចំនួន៤៖

១. រដ្ឋបាលគ្រប់គ្រង ២. បច្ចេកទេស និងអភិវឌ្ឍន៍ ៣. ការប្រកួត ៤. ការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការលេង និងគាំទ្រពីទស្សនិកជន។

យ៉ាងណាមិញ ដើម្បីអនុវត្ត គោលការណ៍ខាងលើសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រ ជាគោលដៅ និងកម្មវិធីសកម្មភាពជាក់ស្ដែងចំនួន១២ចំណុចជាអាទិ៍មាន៖

១) ការអភិវឌ្ឍផ្នែករដ្ឋបាល និងការគ្រប់គ្រង ២)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៣) ការអភិវឌ្ឍការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ៤) ការអភិវឌ្ឍសមាគមទាំង ២៥រាជធានី/ខេត្ត ៥) ការអភិវឌ្ឍក្លិប ៦) ការអភិវឌ្ឍក្រុមជម្រើសជាតិ (បុរស និងនារី) ៧) ការអភិវឌ្ឍបាល់ទាត់ថ្នាល យុវជន ៨) ការអភិវឌ្ឍការបណ្តុះបណ្តាលគ្រូបង្វឹក (បុរស និងនារី) ៩) ការអភិវឌ្ឍអាជ្ញាកណ្ដាល (បុរស និងនារី) ១០) ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងឆ្នេរខ្សាច់ ១១) ការអភិវឌ្ឍន៍វេជ្ជសាស្ត្រកីឡា ១២) ទំនាក់ទំនងពាណិជ្ជកម្ម និងអ្នកគាំទ្រ។

តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការចូលចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ការចូលរួមលេង និងទស្សនាពីអ្នកនិយមវិស័យកីឡាបាល់ទាត់ពិសេស ដោយបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដៃគូរសហការឧបត្ថម្ភ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃទីស្តីការគណៈ រដ្ឋមន្ត្រីក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងការគាំទ្រលើក ទឹកចិត្តពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) សហព័ន្ធបាល់ទាត់អាស៊ាន (AFF) និងសហព័ន្ធ/សមាគមបាល់ទាត់ នៃបណ្តាប្រទេសជាមិត្ត៕

អត្ថបទពេញនិយម
អត្ថបទថ្មី