សម្តេចធិបតី៖ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ ៥លាននាក់ និងជាតិ ១៧លាននាក់

  • 2023-09-27 08:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមតាមសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញថា ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ ១៧លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ចំណែកនៅឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។

ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួនជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

បើតាមសារលិខិតនេះ ឱ្យដឹងថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់គួរជាទីមោទកៈ។ ប៉ុន្តែជាអកុសល ការរីកចម្រើននៃវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងរយៈពេលជាង ៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅទូទាំងសកលលោក។ ក្នុងនោះវិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។

សម្តេចធិបតី បានកត់សម្គាល់ឃើញថា ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលរួមចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃការផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានាដែលបានដាក់ចេញនាពេលកន្លងមក៕

អត្ថបទ៖ សំភី