ក្រុមហ៊ុន ហាវ៉ាស់ ខេមបូឌា ពង្រឹងស្ថាប័នខ្លួនតាមរយៈការតែងតាំង និងដំឡើងឋានៈបុគ្គលិកប្រកបដោយយុទ្ធសាស្ត្រដើម្បីជំរុញកំណើនថ្មីៗបន្ថែម
- 2023-09-28 04:38:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ហាវ៉ាស់ ខេមបូឌា ពង្រឹងស្ថាប័នខ្លួនតាមរយៈការតែងតាំង និងដំឡើងឋានៈបុគ្គលិកប្រកបដោយយុទ្ធសាស្ត្រដើម្បីជំរុញកំណើនថ្មីៗបន្ថែម
ចន្លោះមិនឃើញ
ក្រុមហ៊ុន ហាវ៉ាស់ ខេមបូឌា (Havas Cambodia) បានប្រកាសពីការតែងតាំង និងដំឡើងឋានៈជាន់ខ្ពស់ដល់បុគ្គលិករបស់ខ្លួនជាបន្តបន្ទាប់ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងជំរុញកំណើនថ្មីៗបន្ថែមទៀតសម្រាប់ទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម (Agency) មួយនេះ។
ការផ្លាស់ប្តូរជាវិជ្ជមានដែលមានលក្ខណៈជាយុទ្ធសាស្ត្រច្បាស់លាស់ទាំងនេះ ធ្វើឡើងបន្ទាប់ពីមានការតែងតាំងលោក Rastislav Kanuch ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Havas Cambodia កាលពីពេលថ្មីៗកន្លងទៅនេះ ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏ឥតរួញរាប្រកបដោយថាមភាពខ្ពស់របស់ Agency ក្នុងការពង្រឹង និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារដែលកំពុងរីកចម្រើនឥតឈប់ឈរមួយនេះ។
លោក Peter Holán ទទួលតួនាទីជាប្រធានផ្នែកអន្តរកម្ម (Head of Interactions) ដើម្បីដឹកនាំលើកិច្ចការឌីជីថលសម្រាប់ក្រុមហ៊ុន Havas Cambodia ។ លោក Peter មានបទពិសោធន៍ច្រើនរាប់មិនអស់លើជំនាញឌីជីថលដ៏សម្បូរបែប ជំនាញផ្នែកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម (AdTech) វេទិកាគ្រប់គ្រងទិន្នន័យ និងឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ ( media tools)។ ក្នុងនាមជាប្រធានផ្នែកអន្តរកម្ម លោកមានភារកិច្ចក្នុងការបង្កើននូវការបម្រើសេវាកម្ម និងការផ្តល់ជូនប្រកបដោយភាពច្នៃប្រឌិត បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្នែកច្នៃប្រឌិត និងប្រព័ន្ធផ្សព្វផ្សាយ (creative and media teams) ដើម្បីរួមបញ្ចូលបច្ចេកវិទ្យា AdTech ស្តង់ដាសកលចូលទៅក្នុងយុទ្ធនាការផ្សព្វផ្សាយនានារបស់អតិថិជនឲ្យមានប្រសិទ្ធភាព។ លើសពីនេះទៀត កញ្ញា Junnette Hasco ត្រូវបានដំឡើងឋានៈជាប្រធានក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Media Group) ដោយទទួលបន្ទុកលើការផ្តល់ជូនសេវាផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងពេលជាមួយគ្នានេះដែរ កញ្ញា Sarah Louzioui ត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ (Havas Champagne) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Havas Cambodia ដែលផ្តល់ជូនសេវាកម្ម 360 ដឺក្រេ ប្រកបដោយភាពច្នៃប្រឌិត និងទំនុកចិត្តខ្ពស់។ កញ្ញា Sarah ជាមនុស្សម្នាក់ដែលពោរពេញទៅដោយចំណេះដឹងក្នុងវិស័យឧស្សាហកម្មនេះ និងមានជំនាញភាពជាអ្នកដឹកនាំយ៉ាងទូលំទូលាយ ដែលបានឆ្លងកាត់ការបំពេញការងារក្នុងបណ្តាស្ថាប័នផ្សេងៗជាច្រើន។ ដោយមាន សមត្ថភាពខ្ពស់ក្នុងការកាន់មុខងារជាប្រធានគ្រប់គ្រងទូទៅ គោលដៅចម្បងរបស់កញ្ញា គឺធានាផ្តល់ជូនអតិថិជននូវដំណោះស្រាយអភិវឌ្ឍន៍អាជីវកម្មដែលគ្របដណ្តប់លើគ្រប់ជ្រុងជ្រោយដោយរួមបញ្ចូលគ្នានូវការយល់ដឹងជាលក្ខណៈយុទ្ធសាស្រ្ត (strategic insights) ភាពច្នៃប្រឌិតខ្ពស់ និងការអនុវត្តដោយភាពវៃឆ្លាតប្រកបដោយការច្នៃប្រឌិត ស្របពេលចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់បទពិសោធន៍នៃប្រព័ន្ធផ្សព្វផ្សាយដ៏មានសារសំខាន់។
ទន្ទឹមនឹងការផ្តល់តម្លៃ និងលើកកិត្តិយសទាំងនេះស្របទៅនឹងសភាពការណ៍វិវត្តន៍ជាក់ស្តែងនៃឧស្សាហកម្មឌីជីថល និងបច្ចេកវិទ្យាផង កញ្ញា Constance Dayot ក៏ត្រូវបានដំឡើងឋានៈជានាយករងផ្នែកធនធានមនុស្ស (HR Associate Director) ផងដែរ។ ក្នុងតួនាទីដែលត្រូវបានដំឡើងនេះ កញ្ញា នឹងមើលការខុសត្រូវលើគំនិតផ្តួចផ្តើមផ្នែកធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដោយធានាថា Agency នឹងនៅតែបន្តទាក់ទាញ និងរក្សាបាននូវបុគ្គលិកជំនាញ និងអ្នកដែលមានទេពកោសល្យកំពូលៗដើម្បីបំពេញការងារឲ្យបានកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងអង្គភាព។
កាន់មុខតំណែងជានាយកផ្នែកគំនិតច្នៃប្រឌិត (Creative Director) លោក គង់ គីណាល់ ជាធនធានមនុស្សដ៏សំខាន់ មានជំនាញវិជ្ជាជីវៈច្បាស់លាស់មួយរូបទៀត ដែលត្រូវបានគេទទួលស្គាល់ជាទូទៅថាជាមនុស្សពូកែខាងការគិតប្រកបដោយទស្សនទាន ភាពច្នៃប្រឌិត និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុទ្ធសាស្ត្រច្នៃប្រឌិតដែលមានមូលដ្ឋានគ្រឹះចាក់ឫសយ៉ាងរឹងមាំគួបផ្សំនឹងភាពប៉ិនប្រសប់របស់លោកក្នុងដឹកនាំការងារសិល្បៈ (art direction) ការរចនាក្រាហ្វិក (graphic design) និងផលិតកម្ម(production) ថែមទៀតផង។
ការបំពេញបន្ថែមលើការតែងតាំងមុខដំណែងថ្មីទាំងនេះ គឺជាការដំឡើងឋានៈ និងការផ្តល់តម្លៃដ៏ប្រសើរចំពោះការខិតខំប្រឹងប្រែងដែលក្រុមការងារសមនឹងទទួលបានបំផុត។ ក្នុងតួនាទីជួយគាំទ្រក្រុមការងារផ្នែកគំនិតច្នៃប្រឌិត កញ្ញា Freddie Bernal និង លោក សៅ បញ្ញារិទ្ធ ក៏ត្រូវបានដំឡើងឋានៈជានាយករងផ្នែកគំនិតច្នៃប្រឌិត (Associate Creative Directors) ផងដែរ។ ស្របពេលជាមួយគ្នានេះលោក ជិន ចន្ទពិសាល ត្រូវបានដំឡើងឋានៈជា ប្រធានក្រុមគំនិតច្នៃប្រឌិតជាន់ខ្ពស់ (Senior Creative Group Head) ខណៈ លោក ខុន សុខមាស ហៅ “ស៊ូជីន” បានកាន់តួនាទីជាប្រធានក្រុមគំនិតច្នៃប្រឌិត (Creative Group Head) ។ បន្ថែមពីលើនេះ លោក អ៊ុយ ច័ន្ទរក្សា ត្រូវបានគេប្រគល់ភារកិច្ចឲ្យមើលការខុសត្រូវលើផ្នែកផលិតកម្ម មានតួនាទីជាប្រធានផ្នែកផលិតកម្ម (Head of Production)។
ទន្ទឹមនឹងនោះ ផ្នែកស្រាវជ្រាវរបស់ Havas Cambodia គឺ Barefoot ក៏បានដំឡើងឋានៈផងដែរជូនដល់អ្នកជំនាញផ្នែកស្រាវជ្រាវដែលមានបទពិសោធន៍យូរឆ្នាំ កញ្ញា ថ្លែន សុគ្គណ្ណារ៉ា ឲ្យទៅកាន់តួនាទីជានាយកផ្នែកស្រាវជ្រាវ (Research Director) ដែលទទួលខុសត្រូវលើការដឹកនាំគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ការស្រាវជ្រាវថ្មីៗ ក៏ដូចជាជំរុញការអនុវត្តយុទ្ធសាស្ត្រទិន្នន័យអំពីប្រជាជន (people-centric data strategies)។
មានប្រសាសន៍ពាក់ព័ន្ធនឹងស្ថានការណ៍វិវឌ្ឍន៍នាពេលថ្មីៗនេះ លោក Rastislav Kanuch នាយកប្រតិបត្តិក្រុមហ៊ុន Havas Cambodia បានសម្តែងសុទិដ្ឋិនិយមយ៉ាងដូច្នេះថា «នៅ Havas Cambodia យើងមិនគ្រាន់តែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនោះទេ យើងក៏ទទួលយកវាដោយក្តីពេញចិត្តផងដែរ។ ការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមនសិការខ្ពស់របស់យើងចំពោះអតិថិជន ដៃគូ និងបុគ្គលិករបស់យើងនៅតែមានភាពរឹងមាំជាងពេលណាៗទាំងអស់។ យើងពិតជាមានក្តីរំភើបណាស់ចំពោះថាមពល និងជំនាញថ្មីៗដែលសមាជិកក្រុមរបស់យើងនាំយកមក។ យើងទន្ទឹងរង់ចាំអនាគតប្រកបដោយឧត្តមភាពច្នៃប្រឌិត និងវឌ្ឍនភាពជាបន្តបន្ទាប់ជាមួយនឹងចីរភាពសម្រាប់ទាំងអស់គ្នា៕