ខេត្តតាកែវ មានតំបន់ទេសចរណ៍ល្បីៗណាស់ ពិសេសឱ្យតែថ្ងៃបុណ្យទាន​ធំៗ ដឹងតែស្ទះចូលមិនរួច

  • 2023-09-28 09:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​តាកែវ បច្ចុប្បន្ន​នេះ កាន់តែកៀកជិត​រាជធានីភ្នំពេញមែនទែនហើយ បន្ទាប់ពីផ្លូវជាតិលេខ២ និងលេខ៣ បានសាងសង់ពង្រីករួច។ មិនតែប៉ុណ្ណោះ ខេត្តនេះ​ក៏សម្បូរទៅដោយ​រមណីយដ្ឋាន​ល្បីៗតាំងពីដើមមក និង​រមណីយដ្ឋានកែច្នៃថ្មីៗទៀត ដែល​ទទួលបានភ្ញៀវទេសចរមិនចេះតិច ហើយរាល់ពេលមានបុណ្យទាន​ធំម្តងៗ គឺដឹងតែស្ទះផ្លូវចូលមិនរួចនោះទេ។ រមណីយដ្ឋានទាំងនោះ​មានដូចជា៖

ភ្នំតាម៉ៅ៖ ស្ថិតក្នុងស្រុកបាទី ជារមណីយដ្ឋាន​ចម្រុះ​ដោយ​ប្រាង្គប្រាសាទ ព្រៃភ្នំ និងសួនសត្វ។

ទន្លេបាទី៖ ស្ថិតក្នុងស្រុកបាទី ជារមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន ហើយ​ក៏មាន​ប្រាសាទ​មួយ​ផងដែរ​នៅតំបន់នេះ។ ភ្ញៀវទេសចរ​អាចលេងទឹក ឬហែលទឹក គយគន់ថ្ងៃលិច ជិះទូក និងទទួលទានអាហារបែបស្រុកស្រែជាដើម។

ភ្នំជីសូរ៖ ស្ថិតនៅស្រុកសំរោង ជារមណីយដ្ឋាន​ទេសចរណ៍ប្រវត្តិសាស្រ្ត។ នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនេះ ក៏មានរូងវិមានច័ន្ទដែលស្ថិតនៅ​ប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ ដែលជារូងធម្មជាតិ។

វត្តពុទ្ធគិរីកម្ពុជា៖ ស្ថិតនៅស្រុកត្រាំកក់ ជា​រមណី​យ​ដ្ឋា​ន​ទេសចរ​វប្ប​ធម៌​ដ៏​ពេញនិយម​ខ្លាំងបំផុត​មួយ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍ខ្លាំងនោះ គឺវត្តមួយនេះបានកសាងព្រះពុទ្ធបដិមារាប់ម៉ឺន​អង្គ​ដែលបានធ្វើឱ្យអ្នកទស្សនាប្លែកភ្នែក។ ដោយឃើញមានព្រះពុទ្ធបដិមាដែលប្រតិស្ថានឡើងពីលើភ្នំជាជួរចុះមកក្រោមដោយមើលទៅគួរជាទីជ្រះថ្លាដល់ពុទ្ធសាសនិកដែលជាអ្នកជឿជាក់ក្នុងព្រះពុទ្ធសាសនា ចំពោះព្រះពុទ្ធបដិមានេះ។

កំពូលពេជ្រ ឬអន្លង់ភ្ញៀវ៖ ស្ថិតនៅស្រុកត្រាំកក់  ជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នៅទីនោះ មានសួនកម្សាន្ដ និងចម្ការដំណាំជាច្រើនប្រភេទនៅ​តាម​ជើង​ភ្នំ​ និង​ចង្កេះ​ភ្នំ​ ព្រមទាំង​​កន្លែងហែលទឹកឬលេងទឹក, ជិះទាទឹក, បោះជំរុំឬបោះតង់, គយគន់ថ្ងៃលិច, ដើរទស្សនាកសិដ្ឋាន, ញុំអាហារ, ពិកនិច, ជិះក្តាររំអិល, ដើរលេងថ្មើរជើង, សួនកុមារឬកន្លែងលេងទង, ទស្សនាសួនផ្កា, ទស្សនាសួនដាំណាំ, អាងហែលទឹក, គយគន់ថ្ងៃរះ, BBQ, កន្លែងគេង, កាហ្វេ, កញ្ចុះ, កញ្ចុះ​លើទឹក។ រមណីយដ្ឋាននេះផងដែរ ព័ទ្ធជុំវិញដោយជួរភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល។

ត្រីមាស៖ ស្ថិតនៅស្រុកត្រាំកក់ ជារមណីយដ្ឋាន​ទេសចរណ៍កែច្នៃ។ ភ្ញៀវទេសចរ នឹងរីករាយ​ជាមួយធម្មជាតិដ៏ស្រស់ស្អាត​ដែលមានភ្នំព័ទ្ធជុំវិញ អង្គុយលេងនៅ​កញ្ចុះលើទឹក​ដែលអាចគយគន់ត្រីខយ និងដាក់ចំណី​ឱ្យវាដណ្តើមគ្នាស៊ី។ ភ្ញៀវ​ក៏អាចជិះជូក ឬទាទឹកកម្សាន្ត​ផងដែរ។

ប្រាសាទ​ភ្នំដា៖ ស្ថិតនៅ​ស្រុក​អង្គរបុរី ជារមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ។ ប្រាសាទនេះកសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ  ពុំមាន ជណ្តើរទេ មានទ្វា៣ជាទ្វាបញ្ឆោតនិងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង។ នៅខាងក្នុងមាន តាំងលឹង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជា។ ប្រាសាទនេះកសាង ឡើងក្នុងសតវត្សទី ៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

ប្រាសាទភ្នំបាយ៉ង់កោ៖ ស្ថិតនៅស្រុកគិរីវង់ ជារមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ។ ប្រាសាទនេះ ជារមណីយដ្ឋានមួយដែលស្ថិតលើកំពូលភ្នំដ៏ខ្ពស់សន្លឹម ជាពិសេស​នៅតាមបណ្តោយចង្កេះភ្នំមានដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារថែមទៀតផង។ ភ្ញៀវទេសចរ អាច​ដើរទស្សនាកសិដ្ឋាន, ឡើងភ្នំ, រៀបចំអាហារដោយខ្លួនឯង, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ ផងដែរ។

ជ្រោះផ្អោក៖ ស្ថិតនៅស្រុកគិរីវង់ ជារមណីយដ្ឋានធម្មជាតិ។ រមណីយដ្ឋាន​ទឹក​ជ្រោះ​ផ្អោក​ សម្បូរ​ត្បូង​មាន​តម្លៃព្រោះ​នៅ​ទី​នោះមាន​ទឹក​ធ្លាក់ និង​សម្បូរ​ត្បូង​មាន​តម្លៃ។ ក្រៅ​ពី​ភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តទឹក​ធ្លាក់​ នៃ​ទឹក​ជ្រោះផ្អោក​មាន​ប្រវែង ១ ០០០ម៉ែត្រ ​និង​ទទឹង ២ម៉ែត្រ ដែល​ហូរ​ធ្លាក់​ពី​លើភ្នំ​មក​នោះ គឺ​ភ្ញៀវ​អាច​រក​ទិញ​ត្បូង​មាន​តម្លៃ​​ជាច្រើន​។នៅ​មុន​ទឹក​ជ្រោះ​ផ្អោក​ក្លាយ​ជា​រមណីយដ្ឋាន​ពេញ​និយម​ គឺ​កាល​ពី​ជាង ១០ ឆ្នាំ​មុន​ នៅ​ទី​នេះ គឺជា​ទីតាំង​សំខាន់​ដែល​មាន​ប្រជាជន​ជាច្រើន​មក​ជីក​រក​ត្បូង​មាន​តម្លៃ៕