បុណ្យភ្ជុំបិណ្ឌ ធ្វើឡើង​ក្នុងរនោចខែភទ្របទ ដែល​ពពួកប្រេត​ ត្រូវបានដោះលែង! ចុះបើប្រេត​រកមិនឃើញ​ញាតិខ្លួន មានរឿងអ្វីកើតឡើង?

  • 2023-10-03 03:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​ប្រេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។

បើតាម​គម្ពី​ព្រះពុទ្ធ​សាសនា​បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើត​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួន។ មនុស្ស​ចិត្ដអាក្រក់ ដែលបាន​ធ្វើបាប​កម្ម​ផ្សេងៗ លុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។

គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។

ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំ មាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។

នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។

នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។

ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲ​ទៅ​ជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឱកាសរួចផុតពីការជាប់​ទារុណកម្ម​នៅ​នរក ខណៈ​ដែលខ្លះទៀតត្រូវបានគេ​ដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវ​ត្រឡប់​ទៅទទួលទុក្ខ​វេទនា​នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិស​ក្នុង​ពិធី​បុណ្យនេះផងដែរ។

សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន[ត្រូវការអំណះអំណាង]​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។[ត្រូវការអំណះអំណាង]​ ​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ