ទៅលេងទឹកសមុទ្រជិតៗ! នៅកែបមានឆ្នេរអង្កោល នៅកោះកុងមានឆ្នេរនេសាទ ឯខេត្តព្រះសីហនុ មានឆ្នេរតាបារាំង

  • 2023-10-12 03:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើលោកមានបំណង​ទៅលេងឆ្នេរសមុទ្រទៅព្រឹកវិលល្ងាច យើងសូម​បង្ហាញ​រមណីយដ្ឋាន ៣កន្លែង​ ដែលមានចម្ងាយមិនដល់ ២០០គីឡូម៉ែត្រ​ពីភ្នំពេញ​នោះទេ គឺ​ឆ្នេរអង្កោល ឆ្នេរនេសាទ និងឆ្នេរតាបារាំង។

ឆ្នេរអង្កោល ខេត្តកែប

ឆ្នេរអង្កោល ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ គឺជាឆ្នេរមួយដែលមានឆ្នេរខ្សាច់ពណ៌សក្បុស និងមានទេសភាពដ៏ស្រស់ស្អាតដោយមានដើមឈើតូចធំលាយឡំដោយដើមដូងជាច្រើន។ ឆ្នេរនេះមានប្រវែងប្រមាណ ១០​គីឡូម៉ែត្រភាគអាគ្នេយ៍នៃក្រុងកែប។

សម្រាប់​ការកម្សាន្តនៅឆ្នេរនេះ គឺភ្ញៀវ​អាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃកោះកុក កោះស្វាយ និងកោះត្បាល់, លេងទឹក, គយគន់ថ្ងៃរះ​ថ្ងៃលិច, បោះជំរុំឬបោះតង់, ស្ទូចត្រី, ញុំអាហារ​លើកញ្ចុះ និង​ពិកនិច។

ចំពោះ​ការធ្វើដំណើរចេញ បើ​ចេញពីផ្លូវបែកគុស តាមផ្លូវជាតិលេខ៣១ គឺទៅដល់​ជិតផ្សារកំពង់ត្រាច មានផ្លូវបត់ឆ្វេងមួយ​ដែល​ជាផ្លូវលេខ៣៣ ចុះតាមផ្លូវនេះរហូតដល់ផ្លូវបំបែក​បត់ស្តាំ​តាមផ្លូវលេខ ១៣៣២ រហូត​ដល់មានផ្លាកបង្ហាញ​នៅខាងឆ្វេងដៃ រួច​ចុះតាមផ្លូវនេះ​នឹងទៅដល់ឆ្នេរអង្កោលហើយ។

ឆ្នេរនេសាទ ខេត្តកោះកុង

សម្រាប់​អ្នកនៅ​រាជធានីភ្នំពេញ អាច​ធ្វើដំណើរ​តាមផ្លូវល្បឿនលឿន​រហូតដល់​ច្រកចេញ​ស្រែអំបិល ហើយឡើងតាមផ្លូវជាតិលេខ៤៨បន្តិច នឹងទៅដល់ចំណុចច្រមុះជ្រូក។ មកដល់ចំណុចនេះ ចូលតាមច្រកផ្លូវខាងឆ្វេងដៃ និងធ្វើដំណើរបន្តិចនឹង​ទៅដល់​កន្លែង​ដែលមានផ្លូវបត់ឆ្វេងម្តុំសាលាស្រុកស្រែអំបិល។ បត់ឆ្វេងតាមផ្លូវនេះរហូតដោយធ្វើដំណើរចម្ងាយប្រហែល ២០គីឡូម៉ែត្រ នឹង​ទៅដល់​ឆ្នេរនេសាទហើយ។

ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ និងមានឆ្នេរខ្សាច់សក្បុស ដែលស័ក្តិសមសម្រាប់ភ្ញៀវទេសចរ គ្រប់វ័យមុជទឹកលេងកម្សាន្តនៅក្រោមម្លប់ដើមដូងដ៏ត្រជាក់ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ។ ឆ្នេរ​ដែល​ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង​នេះ ​សម្បូរទៅដោយ​ដើមដូងខ្ពស់ៗដែលរំលេចនូវទេសភាពដ៏ស្រស់ត្រកាល ជាពិសេសនៅពេលព្រះអាទិត្យ រៀបលិច ដែលធ្វើឱ្យសម្រស់ឆ្នេរកាន់តែមានភាពទាក់ទាញខ្លាំងដូចពណ៌មាស ដែលស័ក្ដិសមជាទីកន្លែងដ៏ល្អ សម្រាប់ ភ្ញៀវទេសចរមករំសាយរាល់ទុក្ខកង្វល់ទាំងឡាយនាថ្ងៃឈប់សម្រាក។ ជាមួយគ្នានេះ ក៏មានកន្លែងកុម្មង់ម្ហូបអាហារនិងផ្ទះស្នាក់នៅសម្រាប់ភ្ញៀវ ដែលធានាបាននូវសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ថែមទៀតផង។

ឆ្នេរតាបារាំង ខេត្តព្រះសីហនុ

ដូចគ្នាដែរ សម្រាប់​អ្នកនៅ​រាជធានីភ្នំពេញ អាច​ធ្វើដំណើរ​តាមផ្លូវល្បឿនលឿន​ ឬផ្លូវជាតិលេខ៤។ បើតាមផ្លូវជាតិ៤ គឺ​ដល់បង្គោលគីឡូម៉ែត្រ​លេខ១៦៣ និងហួសបន្តិច មានផ្លូវបត់ស្តាំ ហើយធ្វើដំណើរតាមផ្លូវនេះកាត់តាមចម្ការដូងប្រេង ចម្ការកៅស៊ូ កាត់ព្រៃ កាត់ភូមិ និងផ្លូវលំ ចម្ងាយជិត ៣០គីឡូម៉ែត្រ​នឹង​ទៅដល់​ឆ្នេរតាបារាំងហើយ ដែល​រមណីយដ្ឋាន​នេះ ស្ថិតក្នុង​ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

​ឆ្នេរ​តា​បារាំងនេះ ​ពិត​ជា​មាន​ទេសភាព​ស្អាត​ខ្លាំង ​មិន​ចាញ់​កោះ​រ៉ុង​ប៉ុន្មាន​នោះ​ទេ។ ​ឆ្នេរ​នេះ​មាន​ខ្សាច់​​សក្បុស ​ទឹក​រាក់​​ស្រួល​លេង និង​មាន​ខ្យល់​បរិសុទ្ធ​​ធម្មជាតិ​ត្រជាក់​កាយ​តែ​ម្ដង ស្ងប់ស្ងាត់​ ជាមួយ​ទេសភាព​ស្រស់​ត្រកាល។ លោក​អ្នក​អាច​ចុះ​ថត​រូប​លេង ជាមួយ​វាល​ស្មៅ​ខ្ពស់​ទាប​យ៉ាង​ក្រាស់​ដេលដាស មើល​ទៅ​ដូច​នៅ​បរទេស​អ៊ី​ចឹង។ តែយ៉ាងណា លោក​អ្នក​អាច​យក​នំ​ចំណី​សម្រាប់​ទៅ​ញ៉ាំ​ទី​នោះ​បាន ​ព្រោះ​ការ​លក់​ដូរ​មិន​ទាន់​សំបូរ​នោះ​ឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី