ភាពយន្តខ្មែរខ្លីនិងបរទេសចំនួន ៤៨ រឿងបង្ហាញ ខ្លួនតាមរោងភាពយន្ត ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ២៧ ដល់ ៣០ ខែតុលានេះ
- 2023-10-26 06:40:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្មែរខ្លីនិងបរទេសចំនួន ៤៨ រឿងបង្ហាញ ខ្លួនតាមរោងភាពយន្ត ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ២៧ ដល់ ៣០ ខែតុលានេះ
ចន្លោះមិនឃើញ
មហោសព្រភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival / CSFF) បានរៀបចំ កម្មវិធី សំខាន់មួយ មុននឹងចាប់ផ្តើមកម្មវិធីបើកនិងបិទមហោស្រពគឺ សន្និសីទសារព័ត៌មាន អំពីមហោស្រពរបស់ខ្លួនកាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញនិងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission - CFC)។ កម្មវិធីនេះមានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកសារព័ត៌មាន និងវត្តមានដ៏ពិសេស របស់លោកស្រី សុខុម សុផានិត អនុប្រធាន នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ជៀប សុវិជ្ជា នាយក CFC លោក ស៊ុំ ស៊ីថែន ដែលជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខ សមិទ្ធករ ជាប់ជម្រើសភាពយន្តខ្លីក្នុងមហោស្រពឆ្នាំនេះ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ការរៀបចំឡើងនូវសន្និសីទសារព័ត៌មាននេះគឺក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានទូលំទូលាយទៅកាន់សាធារណៈជន ឲ្យបានដឹងពីចក្ខុវិស័យរបស់មហោស្រព និងព័ត៌មានអំពីការចាក់បញ្ចាំង ភាពយន្តដើម្បីអញ្ជើញទស្សនិកជនឲ្យមកចូលរួមទស្សនាក៏នូវភាពយន្តខ្លីរបស់ខ្មែរនិងបរទេសឲ្យបានច្រើនកុះករផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជានាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ តែងតែលើកទឹកចិត្ត និងផ្តល់ការគាំទ្រទៅដល់ដំណើរនៃការរៀបចំ មហោស្រពភាយន្តខ្លីចតុមុខ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងខ្ញុំយល់ថាមហោស្រពនេះពិតជាមានសារៈប្រយោជន៍ ក្នុងការបង្កើតនូវឱកាស ធនធាន យុវជនសម្រាប់បន្តវេនក្នុងវិស័យភាពយន្តរបស់យើង ហើយក៏ជាជំហានចាប់ផ្តើមរបស់ផលិតករភាពយន្តដើម្បីបង្ហាញពីឆន្ទៈខ្ពស់ក្នុងការផលិតស្នាដៃថ្មីៗដែលមានគុណភាពជាគ្រឹះក្នុង ការគាំទ្រធ្វើអោយឧស្សាហកម្មភាពយន្តមានការរីកចម្រើនផងដែរ»។
លោក ស៊ុំ ស៊ីថែន បានលើកឡើងថា៖ ឆ្នាំនេះ មហោស្រពមានលក្ខណៈពិសេស ៥ចំណុច ដែលក្នុងនោះរួមមាន៖
១. លំនឹងនៃការដាក់រឿងក្នុងស្រុក ឆ្នាំនះ មហោស្រពទទួលបានភាពយន្តខ្លីសរុបចំនួន ២២០ ចំណងជើងតែសម្រាំងតែ ៤៨ ចំណងជើងដើម្បីប្រកួត និងចាក់បង្ហាញ ឆ្នាំនេះ។ ជាក់ស្តែងកាលពីឆ្នាំទៅ ភាពយន្តខ្លីកម្ពុជា មាន៦៣រឿង ឆ្នាំនេះទទួលបាន៦០។ ហើយទោះបីរឿងប្រឌិតខ្មែរខ្លី ក្នុងឆ្នាំមានតែ៣០រឿង តែសុទ្ធតែខ្លឹម។
២. រង្វាន់ច្រើនជាងឆ្នាំមុនៗ សរុបដល់ទៅ ៩រួមមាន៖
ភាពយន្តខ្លីកម្ពុជាល្អបំផុត - ១ ០០០ដុល្លារ និងពាន១
ភាពយន្តខ្លីកម្ពុជាល្អបន្ទាប់ - ៥០០ដុល្លារ និងពាន១
ភាពយន្តខ្លីអន្តរជាតិល្អបំផុត - ៣០០ដុល្លារ និងពាន១
រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក - ៣០០ ដុល្លារ និងលិខិតសសើរ
រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ - លិខិតសសើរ
ចំណារលើកទឹកចិត្តពីមេប្រយោគកម្ពុជា (Cambodian Special Jury Mention) - លិខិតសសើរ
ចំណារលើកទឹកចិត្តពីមេប្រយោគអន្តរជាតិ (International Special Jury Mention) - លិខិតសសើរ
រង្វាន់ឧបករណ៌ភ្លើងដល់ជយលាភីមហោស្រព
រង្វាន់ឧបករណ៌ភ្លើងដល់ក្រុមឆ្នើមរបស់សិក្ខាសាលាប្រើភ្លើងពីAMARAN
៣. សិក្ខាសាលាបច្ចេកទេសភ្លើង និងថត
ដោយសហការជាមួយហាង Camera Hut មហោស្រពឆ្នាំនេះ នឹងរៀបចំសិក្ខាសាលាមួយ នៅថ្ងៃទី២៨ និង២៩ ខែតុលា ស្តីពីការប្រើគ្រឿងភ្លើងម៉ាកAMARAN ក្នុងការថត។ ហើយ សិក្ខាសាលាមួយទៀត នៅថ្ងៃទី៣០ ខែតុលា ស្តីពីបច្ចេកទេសថតដែលទាក់ទាញ ដោយលោក David Tito ដែលជាជយលាភីឆ្នាំ២០២១។
៤. ភាពយន្តខ្លីពិសេស សម្រាប់ពិធីបើកពីជយលាភីឆ្នាំ២០១៣
ពិធីបើកជំនាន់ទី១២នេះ នឹងរំលេចស្នាដៃរបស់យុវសមិទ្ធករឯករាជ្យ១រូបគឺលោក លី ប៉ូឡែន តាមរយៈភាពយន្តខ្លី របស់គាត់រឿង «ឆ្ងាយដាច់អាល័យ» (Further and Further Away)។ ភាពយន្តខ្លី នេះបានធ្វើដំណើរឆ្លងកាត់ច្រើនមហោស្រពភាពយន្ត នៅជុំវិញពិភពលោករួចហើយ តាំងពីបើក ចាក់ដំបូងកាលពីឆ្នាំមុន។
៥. ការពង្រីកវិសាលភាពដៃគូសហគមន៍
ជំនាន់ទី១២នេះ ពិសេសត្រង់ថាមហោស្រពសហការជាមួយដៃគូជាច្រើន ជាពិសេស «ដៃគូសហគមន៍» ដើម្បីបង្កលក្ខណៈអំណោយផលដល់សមិទ្ធករ និងទស្សនិកជន ក្នុង ការទទួលបានព័ត៌មាន ក៏ដូចជាពង្រឹងសាមគ្គីភាពក្នុងវិស័យ ប្រៀបដូច «ពីធីបុណ្យ» ក្នុងភូមិស្រុក មួយដូច្នោះដែរ។
រីឯ លោក រដ្ឋ សានសិទ្ធិនី ជាអ្នកគ្រប់គ្រង និងរើសរឿងក្រៅស្រុករបស់មហោស្រព បានបន្ថែមថា៖ «គោលបំណងរបស់ខ្ញុំ គឺមិនត្រឹមតែនាំសាច់រឿងដែលមានគុណភាពទេ តែក៏ដាស់អារម្មណ៍ដល់ ទស្សនិកជនក្នុងស្រុក តាមរយៈមូលបទដែលឆ្លើយតបនឹងបញ្ហា ដែលសង្គមខ្មែរបច្ចុប្បន្នជួប ប្រទះ។ ធ្វើដូចនេះនឹងអាចប្រែក្លាយនិយន័យសិល្បៈ និងភាពយន្តពីត្រឹមជាទម្រង់លម្អ ឬកម្សាន្ត មកជាឧបករណ៍ដែលជួយឱ្យយើងបានត្រិះរិះ និងស្វែងយល់ពីសង្គមយើង ដើម្បីអភិវឌ្ឍខ្លួនទៅ មុខទៀត»។
មហោស្រពធំរបស់យើង នឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៧ដល់ទី៣០ខែតុលាឆ្នាំនេះ ដោយមានរយៈពេល សរុប៤ថ្ងៃ ជាប់ៗគ្នា។ ហើយទស្សនិកជន ដែលចង់លើកទឹកចិត្តយុវសមិទ្ធករយើង អាចទៅ ទស្សនា រាល់រឿងខ្លីជាប់ជម្រើសទាំងអស់នេះ ក៏ដូចជាបោះឆ្នោតគាំទ្រដោយផ្ទាល់ដល់រឿងដែល ខ្លួនពេញចិត្ត នៅ រោងភាពយន្ត Legend Cinema - Olympia Mall, K-Mall, SenSok Mega Mall, Major Cineplex - Sorya និង Cine Hub។
CSFF ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុកនិងក្រៅស្រុក រួមមាន៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ Cambodian Children’s Fund, សិល្បៈខ្មែរអមតៈ, រោងភាពយន្ត Legend Cinema, Major Cineplex, AMS, និង EAC។ ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធិផលជំនាន់ទី១២ ប្រកបដោយ ភាពរលូន តាមរយៈ៖ ABA - SUNFLOWER FILM ORGANIZATION - 000 804 814។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
គេហទំព័រ៖ http://csff.co
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/CSFF.co/
Telegram៖ https://t.me/csffkh
YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/
TikTok: https://www.tiktok.com/@chaktomukshortfest