Garnacho អាច​រង​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស

  • 2023-10-26 12:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Manchester United កីឡាករ Alejandro Garnacho អាច​រង​ការ​ចោទ​ប្រកាន់​ និង​ឈាន​ទៅ​ដល់​អាច​ត្រូវ​បាន​ពិន័យ​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ថា FA បន្ទាប់​ពី​បាន​បង្ហោះ​សារ​ Twitter ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ថា​មិន​សមរម្យ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Goal ក្នុង​ថ្ងៃ​នេះ។

កាល​ពី​ថ្ងៃ​នេះ កីឡាករ Garnacho បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម X (ដែល​ពី​មុន​មាន​ឈ្មោះ​ថា Twitter) ដោយ​ដាក់​រូប​សញ្ញា​ស្វា​ចំនួន ២។ នៅ​ពី​ក្រោម​រូប​សញ្ញា​ទាំង​នេះ គឺ​រូប​ថត​មួយ​សន្លឹក​ដែល​ក្រុម​កីឡាករ​បិសាច​ក្រហម​រួម​មាន​ Garnacho ផង​កំពុង​អបអរ​ជាមួយ​អ្នក​ចាំ​ទី Andre Onana បន្ទាប់​ពី​ជួយ​សង្គ្រោះ​បាល់​ពិន័យ ១១ ម៉ែត្រ​បាន​សម្រេច​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់​ក្រុម Copenhagen ក្នុង​ប្រកួត Champions League។ Man Utd ឈ្នះ​ប្រកួត​មួយ​នេះ​ក្នុង​លទ្ធផល ១ ទល់​នឹង ០។

រូបភាពដោយ៖ Reddit

យោង​តាម Goal ការ​បង្ហោះ​សារ​នេះ​អាច​ត្រូវ​បាន​បកស្រាយ​ច្រើន​យ៉ាង។ មួយ​បែប​អាច​ថា Garnacho អបអរ​សាទរ​ដោយ​ស្មោះ​ជាមួយ​មិត្ត​រួម​ក្រុម។ តែ​បើ​មើល​មួយ​បែប​ទៀត គឺ​អាច​មាន​ន័យ​ថា​ជា​ការ​រើសអើង​ពណ៌​សម្បុរ ចំពោះ​កីឡាករ Onana ដែល​មាន​ស្បែក​ខ្មៅ។

ក្នុង​ថ្ងៃ​នេះ​ដដែលGarnacho បាន​លុប​ចោល​សារ​ដែល​បង្ហោះ​ខាង​លើ​ចោល​បាត់​ទៅ​ហើយ។

បញ្ហា​បង្ហោះ​សារ​ដែល​អាច​បក​ប្រែ​ជា​ការ​រើសអើង​ពូជសាសន៍​ពណ៌​សម្បុរ​ជា​ដើម គឺ​ជា​បញ្ហា​រសើប​នៅ​លីគ​ធំៗ​នៅ​អឺរ៉ុប​ជា​ពិសេស​នៅ​អង់គ្លេស។ កន្លង​មក សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ធ្លាប់​បាន​ចោទ​ប្រកាន់​ហើយ​ពិន័យ​កីឡាករ​មួយ​ចំនួន ដូច​ជា ខ្សែ​ប្រយុទ្ធEdison Cavani កាល​ពី​ឆ្នាំ ២០២០ និង​ខ្សែ​បម្រើ Bernardo Silva កាល​ពី​ឆ្នាំ ២០១៩ សុទ្ធ​តែ​រង​ពិន័យ​បន្ទាប់​ពី​បង្ហោះ​សារ​ដែល FA យល់​ថា​មាន​ន័យ​រើសអើង។ Cavani ត្រូវ​បាន​រង​ពិន័យ​មិន​ឲ្យ​លេង​បី​ប្រកួត ខណៈ​ Silva រង​ពិន័យ​ឲ្យ​លេង​មួយ​ប្រកួត និង​ពិន័យ​ជា​ប្រាក់ ៥ ម៉ឺន​ផោន។

គិត​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​ពី FA នៅ​ឡើយ​ទេ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល