បើឃើញ​សំបុត្រកំណើត​សរសេរខុសទិន្នន័យហើយ តើត្រូវធ្វើបែបណា?

  • 2023-11-07 03:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​បញ្ជាក់​តាមរយៈសេចក្តី​បំភ្លឺ​មួយ​កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ថា ក្នុងករណី​បងប្អូនណា​ដែលទទួលសំបុត្រ​កំណើត​រួចហើយ​ពីមន្ត្រី​អត្រានុកូលដ្ឋានឃុំ ឬសង្កាត់ ប៉ុន្តែ​ពិនិត្យឃើញថា មាន​កំហុសទិន្នន័យ​នៅកន្លែងណាមួយ​ (ដូចជាខុសឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត) គឺ​បងប្អូន​អាច​ស្នើសុំ​មន្រ្តី​អត្រានុកូលដ្ឋាន​នៅឃុំ ឬសង្កាត់​ ដើម្បីកែតម្រូវភ្លាមៗ ដោយមិនត្រូវទុកដល់ឆ្លងឆ្នាំឡើយ។

អគ្គនាយកដ្ឋាន​នេះបន្តថា ករណីបងប្អូន​ទុកយូរ​រហូតដល់ឆ្លងចូលឆ្នាំថ្មី គល់បញ្ជី​នៃទិន្នន័យអត្រានុកូលដ្ឋាន​នឹង​ត្រូវ​បូកសរុប​បិទបញ្ជី​ រួចផ្ញើទៅ​តម្កល់ទុក​នៅរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ករណីនេះ ការកែតម្រូវ​ទិន្នន័យ​ក្នុងសំបុត្រ​កំណើត​ ឬឯកសារ​អត្រានុកូលដ្ឋាន​ផ្សេងទៀត ត្រូវអនុវត្តតាមនីតិវិធីបន្ត​ដែលបានកំណត់។

មន្រ្តី​អត្រា​នុកូលដ្ឋាន​ទាំង​នៅថ្នាក់​ឃុំ សង្កាត់ ឬនៅថ្នាក់​ជាតិ មាន​សមត្ថកិច្ច​ក្នុងការ​កែតម្រូវទិន្នន័យ​ទៅតាមការកំណត់​នៃច្បាប់ ដោយមិនធ្វើឱ្យប៉ះពាល់​ដល់អត្តសញ្ញាណ​បុគ្គលឡើយ ដូចជាកំហុសអក្ខរាវិរុទ្ធ កំហុសបច្ចេកទេស​ ឬកំហុស​មួយចំនួន​ផ្សេងទៀត។ យ៉ាងណាមិញ ចំពោះ​ការកែទិន្នន័យ​ទាំងឡាយណា ដែល​លើសពី​ដែន​សមត្ថកិច្ច​របស់​មន្រ្តី​អត្រានុកូលដ្ឋាន គឺ​តម្រូវឱ្យទៅ​តុលាការ​ដើម្បីពិនិត្យវិនិច្ឆ័យ ចៀសវាង​បុគ្គលមួយចំនួន​ជាអាចជាប់បណ្តឹង​តុលាការ ឬជាប់កាតព្វកិច្ច​ផ្សេងទៀត​ ហើយ​ព្យាយាម​គេចវេស​ពីការទទួលខុសត្រូវ។ នេះបើតាមការបញ្ជាក់​បន្ថែមរបស់​អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

អត្ថបទ៖ សំភី