Greenland ជាកោះធំជាងគេបំផុតក្នុងពិភពលោក តែវាមិនមែនជាកោះរបស់អាមេរិក កាណាដា ឬរុស្ស៊ីឡើយ
- 2023-11-21 08:20:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Greenland ជាកោះធំជាងគេបំផុតក្នុងពិភពលោក តែវាមិនមែនជាកោះរបស់អាមេរិក កាណាដា ឬរុស្ស៊ីឡើយ
ចន្លោះមិនឃើញ
កោះដ៏ធំជាងគេបំផុតក្នុងពិភពលោក គឺកោះ Greenland ដែលជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក។
កោះ Greenland ស្ថិតនៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិកខាងជើង មានផ្ទៃដីជាង ២,១៧លានគីឡូម៉ែត្រការ៉េ។ កោះនេះ មានចម្ងាយត្រឹមតែ ២៦គីឡូម៉ែត្រពីកោះ Ellesmere របស់កាណាដា និងចម្ងាយពីប្រទេសអ៊ីស្លង់ប្រមាណ ៣២០គីឡូម៉ែត្រ។
ថ្វីបើជាផ្នែកមួយនៃប្រទេសដាណឺម៉ាកពិតមែន ប៉ុន្តែវាជាកោះស្វយ័ត ពោលគឺមានរដ្ឋអំណាចគ្រប់គ្រងផ្ទាល់ខ្លួន ក្នុងនោះមាននាយករដ្ឋមន្រ្តីផងដែរ។ កោះធំជាងគេបំផុតនេះ មានប្រជាជនរស់នៅប្រមាណជាង ៥ម៉ឺន ៦ពាន់នាក់ និងមានរដ្ឋធានីឈ្មោះ Nuuk។
ខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់កោះ Greenland:
ឆ្នាំ៩៨២៖ រកឃើញដោយជនជាតិន័រវេម្នាក់ឈ្មោះ Erik Thorvaldsson ឬ Erik the Red។ លោកបានហៅកោះនេះថា «Greenland» ដើម្បីឱ្យកាន់តែមានការទាក់ទាញ។ ក្នុងឆ្នាំ ៩៨៦ លោកត្រឡប់ទៅកោះនេះវិញជាមួយមនុស្សផ្សេងទៀតហើយតាំងទីជម្រកតែម្តង។ ប៉ុន្តែត្រឹមឆ្នាំ១៦០០ គឺមានតែក្រុមកុលសម្ព័ន្ធ Inuit ដែលជាក្រុមមនុស្សផ្សេងប៉ុណ្ណោះ រស់នៅលើកោះនេះ។
ឆ្នាំ១៧២១៖ ជនជាតិដាណឺម៉ាក ចាប់ផ្តើមតាំងទីលំនៅលើកោះនេះ នៅតំបន់ដែលបច្ចុប្បន្នគឺស្ថិតនៅជិតរដ្ឋធានី Nuuk។
ឆ្នាំ១៩៤០៖ ពេលនោះដាណឺម៉ាក ត្រូវគ្រប់គ្រងដោយអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្តែអាមេរិក បានបន្តការពារកោះនេះ។
ឆ្នាំ១៩៥៣៖ កោះ Greenland ចាប់ផ្តើមក្លាយជាផ្នែកមួយនៃប្រទេសដាណឺម៉ាក។
ឆ្នាំ១៩៧៩៖ ដាណឺម៉ាក បានគ្រប់គ្រងកោះនេះដោយពេញលេញ តាមរយៈការបោះឆ្នោតប្រជាមតិ។
ឆ្នាំ២០០៨៖ ប្រជាជនកោះ Greenland បានធ្វើការបោះឆ្នោតប្រជាមតិ ដើម្បីទាមទារស្វ័យភាពបន្ថែមទៀតពីដាណឺម៉ាក។
គួររំលឹកថា កាលពីឆ្នាំ២០២០ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក ក៏ធ្លាប់មានបំណងស្នើសុំទិញកោះ Greenland នេះផងដែរ ដើម្បីទប់ទល់ឥទ្ធិពលរបស់រុស្ស៊ី និងចិន នៅតំបន់នោះ។ ប៉ុន្តែបំណងនេះ ត្រូវបានខកខាន ដោយរដ្ឋបាលរបស់លោក បែរជាសម្រេចផ្តល់ជំនួយ ១២លានដុល្លារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកោះ Greenland ទៅវិញ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB