ពាន​រង្វាន់​តេក្វាន់ដូ​ ITF ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ជា​ប្រវត្តិសាស្ត្រ​ខេត្ត​កោះកុង​ដែល​ឈ្នះ​មេដាយ​ច្រើន​ជាង​លើក​ណា​ណា​ទាំង​អស់​

  • 2023-11-24 04:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ដែល​បញ្ចប់​ទៅ​ថ្មីៗ​នេះ​ក្រុម​តេក្វាន់ដូ​ ITF​ ខេត្ត​កោះកុង​គឺ​សរុប​ ១៣គ្រឿង​ នេះ​ជា​ការ​ឈ្នះ​មេដាយ​ច្រើន​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​ខេត្ត​តាំង​ពី​បង្កើត​ និង​មក​ចូលរួម​ប្រកួត​នៅ​រាជធានីភ្នំពេញ។​

រូបភាពពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី

លោក​ កែវ​ សំណាង​ គ្រូ​បង្វឹក​តេក្វាន់ដូ​ ITF​ នៅ​ខេត្ត​កោះកុង​ បាន​ឲ្យ​ដឹង​ថា​ កីឡា​មួយ​នេះ​កកើត​នៅ​ខេត្ត​របស់​លោក​អំឡុង​ឆ្នាំ​២០១៩​ មក​ដល់​សព្វ​ថ្ងៃ​នេះ។​ ចំពោះ​ការ​ចូលរួម​ព្រឹត្តិការណ៍​នៅ​រាជធានី​ភ្នំពេញ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​គិត​មក​ដល់​ពេល​នេះ​ជា​លើក​ទី៧​ ហើយ​ទាំង​ការ​ចូលរួម​ពាន​រង្វាន់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ សម្រាប់​ក្រុម​ខេត្ត​កោះកុង។​

រូបភាពពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី

គ្រូ​បង្វឹក​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ ក្នុង​ពាន​រង្វាន់​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​ក្រុម​តេក្វាន់ដូ​ ITF​ ខេត្ត​កោះកុង​ដែល​ឈ្នះ​មេដាយ​ច្រើន​ជាង​លើក​ណាណា​ទាំង​អស់។​ មេដាយ​ទាំង​នោះ​គឺ​មាន​ មាស៤​ ប្រាក់៤​ សំរឹទ្ធ​៥​គ្រឿង។​ ប៉ុន្តែ​មេដាយ​ទាំង​នេះ​គឺ​បូក​ទាំង​ពីរ​ក្លឹប​ គឺ​ក្លឹប​ខេត្ត​កោះកុង​ និង​ក្លឹប​ថ្មស។​

រូបភាពពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី

ការ​ដែល​ឈ្នះ​មេដាយ​ច្រើន​គ្រឿង​នេះ​លោក​ កែវ​ សំណាង​ បាន​បញ្ជាក់​ថា​ ដោយ​សារ​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ល្អ​ និង​មាន​រយៈពេល​យូរ។​ កីឡាករ​ កីឡា​ការិនី​ មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​ និង​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​ការ​យក​ចិត្ត​ទុកដាក់​ លើក​ទឹកចិត្ត​ និង​ការ​ផ្ដល់​ថវិកា​គាំទ្រ​ពី​លោក​ជំទាវ​អភិបាល​ខេត្ត​កោះកុង​ មិថុនា​ ភូថង​ ជា​បន្តបន្ទាប់។​

រូបភាពពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី

គ្រូ​បង្វឹក​វ័យ​ក្មេង​រូប​នេះ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​យកចិត្ត​ទុកដាក់​ និង​ការ​ឧបត្ថម្ភ​ប្រាក់​រង្វាន់​នានា​របស់​លោក​ជំទាវ​ មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង។​ ដែល​ធ្វើ​ឲ្យ​កីឡាករ​មាន​កម្លាំង​ចិត្ត​ និង​ប្រឹងប្រែង​ប្រកួត​ទទួល​បាន​ជោគជ័យ។​ ជា​មួយ​គ្នា​នេះ​ដែរ​លោក​ក៏​អរគុណ​ចំពោះ​ប្រធាន​សមាគម​តេក្វាន់ដូ​ ITF​ ខេត្ត​កោះកុង​ លោក​ ផាន់ យុទ្ធផានុវឌ្ឍ​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ និង​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​ និង​ធ្វើ​ឲ្យ​វិស័យ​កីឡា​មួយ​នេះ​រឹតតែ​ទទួល​ការ​គាំទ្រ​ពិសេស​នៅ​ក្នុង​ខេត្ត​តែ​ម្ដង។​

ពាន​រង្វាន់​លើក​ទី១​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឆ្នាំ​២០២៣​ នេះ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៧​ ដល់​ ១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ចំពោះ​ខេត្ត​កោះកុង​បញ្ជូន​ក្លឹប​ចំនួន​២​ គឺ​ក្លឹប​ខេត្ត​កោះកុង​ និង​ក្លឹប​ថ្មស។​ សរុប​មេដាយ​ឈ្នះ​គឺ​ ១៣​គ្រឿង​ មាស៤​ ប្រាក់៤​ សំរឹទ្ធ៥។​ ក្លឹប​ខេត្ត​កោះកុង​ជាប់​ចំណាត់ថ្នាក់​លេខ៤​ និង​ក្លឹប​ថ្ម​ស​ ជាប់​លេខ​ ១០​ ក្នុង​ចំណោម​ក្លឹប​១៨​ចូលរួម៕​

រូបភាពលើផេកតេក្វាន់ដូ កោះកុង

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​