ដាក់តាំង​បង្ហាញ​វត្ថុបុរាណ​ចំនួន១៨ ដែលប្រើពេល​ធ្វើកំណាយ​ស្រាវជ្រាវ ៦ឆ្នាំ

  • 2023-11-24 08:25:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ បានរៀបចំ​ពិព័រណ៍​មិន​អចិន្រ្តៃយ៍​នៅសារមន្ទីរ​ព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ចាប់ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣នេះ រហូតដល់​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ដើម្បីតាំង​បង្ហាញ​វត្ថុបុរាណ​ចំនួន​១៨ ដែលសិតពី​លោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច។

វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ បន្ទាប់ពីបាន​ជួសជុល ថែទាំឱ្យមាន​សុវត្ថិភាព ទើបយកមកដាក់​តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិតបានស្គាល់ ព្រមទាំងផ្តល់ជាឱកាសដល់ការងារសិក្សាស្រាវជ្រាវនានាផង។

បើយោងតាមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា វត្ថុបុរាណ ឬសមុច្ច័យចំនួន១៨នេះ ខ្លះប្រហែល ជាអាចមានអាយុកាលដំណាលគ្នានឹងប្រាសាទមេបុណ្យខាងលិច ក្នុងចន្លោះរាជព្រះបាទសូរ្យវរ័្មនទី១ និងព្រះបាទឧទ័យាទិត្យវរ័្មនទី២ ពោលគឺក្នុងសម័យអង្គរ។ ចំណែកភាជន៍ដែលមានរូបពុទ្ធបដិមានៅក្នុងវិញ អាចប្រហែលជាស្ថិតក្នុងសម័យក្រោយអង្គរ ឬក្រោយនោះទៀតក៏ថាបាន នេះបើផ្អែកលើប្រភេទរូបរាងនៃភាជន៍ និងបរិបទរបស់រូបបដិមា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី