ឯកឧត្តម ហ៊ុន ម៉ានី មើលឃើញ​ថា​ប្រជាពលរដ្ឋ​មានការយល់ដឹងច្រើន អំពីបញ្ហា​សំរាម

  • 2023-12-04 03:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួងមុខងារ​សាធារណៈ និង​ជា​សហស្ថាបនិក​នៃគម្រោងស្អាត បាន​បង្ហាញ​ពីភាព​វិជ្ជមាន​ដោយបាន​ឃើញ​ប្រជាពលរដ្ឋ​មានការយល់ដឹងច្រើន​អំពីបញ្ហាសំរាម​ ជាពិសេស​ក្នុងអំឡុង​ពេល​ពិធីបុណ្យអុំទូក​កន្លងទៅនេះ គឺ​មាន​ការគ្រប់គ្រងសំរាមបានល្អ ដោយ​អ្នកចោលសំរាម​តិចជាងមុន។ ឯកឧត្តម​បានថ្លែង​ដូច្នេះ ក្នុង​ពិធីបិទយុទ្ធនាការ​ភ្នំពេញ​ស្អាតឆ្នាំ​២០២៣ កាលពីល្ងាច​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២៣ នៅ​មជ្ឈមណ្ឌលម៉ានី (KAMPUS)។

ឯឧត្តម​បាន​ថ្លែងកោតសរសើរ​គ្រប់ភាគីស្ថាប័នពាក់ព័ន្ធ​ក្នុងយុទ្ធនាការនេះ ដែលបានចូលរួមលើកកម្ពស់​ការយល់ដឹង​អំពីបញ្ហាសំរាម។ តែ​យ៉ាងណាមិញ ឯកឧត្តម​បាន​បញ្ជាក់​ថា ការយល់ដឹង​ពីសំរាមនេះ គឺត្រូវការ​រយៈពេលយូរទៀត​ ហើយ​ត្រូវមាន​ក្រើនរំលឹក​គ្នាជាប្រចាំ។

ក្នុងឆ្នាំ២០២៣នេះ យុទ្ធនាការភ្នំពេញស្អាត បានផ្តោតលើសកម្មភាពធំៗ​ចំនួន៤ គឺចិត្តខ្ញុំស្អាត ខ្មែរស្អាត ការងារខ្ញុំស្អាតខ្មែរស្អាត ខ្ញុំទំពាំងស្អាតខ្មែរស្អាត និងធុរកិច្ចយើងស្អាតខ្មែរស្អាត ស្ថិតក្រោម​ពាក្យស្លោក សីលធម៌យើងប្រពៃ ខ្មែរយើងថ្លាថ្លៃ ដោយផ្តោតសំខាន់​លើការបញ្ជ្រាបសារអប់រំ ដើម្បី​លើកតម្កើងវប្បធម៌ និងសីលធម៌សង្គម។

បើតាម​ការលើកឡើង​របស់​ឯកឧត្តម ហ៊ុន ម៉ានី៖ «ឆ្នាំ​នេះ យើងបានធ្វើ១ជំហានទៀត។ កន្លងមក​យើងគិតត្រឹម​តែការគ្រប់គ្រងសំរាមទេ ប៉ុន្តែលើកនេះ​គឺយើងផ្សារភ្ជាប់លើសពីហ្នឹង។ ដែលក្នុងនោះដូចជាពាក្យ​យើងនិយាយចឹង គឺ ចិត្តខ្ញុំស្អាតខ្មែរស្អាត ការងារខ្ញុំស្អាតខ្មែរស្អាត ខ្ញុំទំពាំងស្អាតខ្មែរស្អាត និងធុរកិច្ចយើងស្អាតខ្មែរស្អាត គឺ​ជាការផ្សារភ្ជាប់ទីមួយ គឺ​យើងត្រូវទទួលស្គាល់ថាយើងម្នាក់ៗ ជាផ្នែកមួយនៃកោសិកាសង្គមជាតិទាំងមូល ពោលគឺ​ទង្វើរបស់​យើង ផ្សារភ្ជាប់ទៅហ្នឹងសង្គម​តែម្តង។»

ការបង្កើតយុទ្ធនាការភ្នំពេញស្អាត គឺពុំមែន​ជារឿង​ចៃដន្យ តែចលនា​នេះ កើតចេញពីបុព្វហេតុមួយ គឺ​ការរួបរួមគ្នារវាង​ភាគី​ពាក់ព័ន្ធទាំងអស់ ដើម្បីកសាង​ភាព​ជាគំរូ ក្នុងការលើកកម្ពស់​បរិស្ថាន​ស្អាត តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការបណ្តុះផ្នត់គំនិតស្រឡាញ់ និងអនុវត្តភាពស្អាតឱ្យបានខ្ជាប់ខ្ជួន ក្នុងគោលដៅ​ជំរុញ​អនាម័យ​ស្អាត និងភាពស្រស់បំព្រងដល់សង្គម។

ចាប់តាំងពីឆ្នាំ​២០១៧មក គម្រោងស្អាត ត្រូវបានបង្កើតឡើង​ក្នុងគោលបំណងបញ្ជ្រាប​អំពី​បញ្ហា​ប្រឈម និងខិតខំស្វែងរកដំណោះស្រាយ​រួមមួយស្តីពីការទុកដាក់សំរាម​ឱ្យបានត្រឹមត្រូវដល់សាធារណជន ដើម្បីចូលរួមបង្កើនសោភណ្ឌបរិស្ថាននៅកម្ពុជា។

ឯកឧត្តមបន្ថែម​ថា គម្រោងស្អាត​បានក្លាយ​ទៅជាយន្តការថ្មី សម្រាប់​ការចូលរួម​ជាមួយរាជរដ្ឋាភិបាល​ដើម្បី​ស្វែងរកដំណោះស្រាយ​ជូនសង្គមជាតិ ទាំងលើសោភណ្ឌភាព បរិស្ថាន ក៏ដូចជាការជំរុញ​លើកទឹកចិត្ត និងផ្តល់ភាពជាគំរូដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន​ឱ្យចេះមានទំនួលខុសត្រូវ​លើការគ្រប់គ្រងសំរាម ដែលខ្លួនបានប្រើប្រាស់​ ដោយបន្តការផ្សព្វផ្សាយដល់អ្នកដទៃ​បន្ថែមទៀត។ ជាពិសេស​យុទ្ធនាការ​ភ្នំពេញ​ស្អាត​២០២៣ បាន​នាំមកនូវបេសកកកម្ម​ថ្មីបន្ថែមទៀតដល់យុវជន ទាំងការបញ្ជ្រាបសារ​អប់រំ ការលើកតម្កើងវប្បធម៌ និងសីលធម៌សង្គម។ សកម្មភាព​ទាំងនេះ បានផ្តល់​ភាពវិជ្ជមានដោយផ្ទាល់​ដល់អ្នកចូលរួម និងប្រយោល​ដល់​សង្គមជាតិ៕

អត្ថបទ៖ សំភី