អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ៖ ជំនាញឌីជីថល ពិតជាសំខាន់ មិនអាចខ្វះបានសម្រាប់សម័យកាលនេះ

  • 2023-12-05 04:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា ជំនាញឌីជីថល ពិតជាសំខាន់ និង មិនអាចខ្វះបាននៅក្នុងការសិក្សារៀនសូត្រ និងកាន់តែសំខាន់សម្រាប់បុគ្គលិក ដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន ស្ថាប័ននានា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត ថ្លែងថា ពិតណាស់ ការចេះជំនាញឌីជីថល ជាកត្តាមួយសំខាន់ និង ជួយសម្រួលដល់កិច្ចការងារប្រចាំថ្ងៃ ចំណេញពេលវេលា ជាងការធ្វើតាមបែបបុរាណ។ អ្នកឧកញ៉ា បន្តថា ចំពោះសិស្សានុសិស្ស គួរចាប់យកជំនាញ វិទ្យាសាស្រ្ត ស្ទែម ដែលជាជំនាញមួយត្រូវនឹងបរិបទក្នុងសម័យកាលឌីជីថលនេះ។ គួរឱ្យដឹងថា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងបែបនេះ នៅក្នុងកម្មវិធីសន្និសីទសារព័ត៍មាន HR Go Digital ដែលបានប្រព្រឹទ្ធទៅកាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៣ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ។

នៅក្នុងកម្មវិធីខាងលើ ក្រៅពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសផ្សេងទៀត ដូចជាលោក ឡី កំថូង CEO CheckinMe , Ms. Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata , អ្នកនាង ឃុន ពិសី Founder of Workingna និង លោក ស៊ូ សាវឿន Founder of Eagle Sales Coach។ វាគ្មិន បានចែករំលែកចំណេះដឹង បទពិសោធន៍ជាច្រើនឆ្នាំជាច្រើនរបស់ខ្លួន ទៅកាន់ភ្ញៀវកិត្តិយសដែលបានមកចូលរួម ដើម្បីជាទុនមួយយកទៅអភិវឌ្ឍន៍ចំណេះ ជំនាញរបស់ខ្លួនបន្ថែមទៀត។

គួរឱ្យដឹងថា កិច្ចពិភាក្សាពិសេសស្ដីពី “ការគ្រប់គ្រងធនធានមនុស្សតាមបែបឌីជីថល” បានធ្វើឡើងក្រោមការសម្របសម្រួលរបស់ លោក ឡី កំថូង ដោយវាគ្មិនកិត្តិយសនីមួយៗបានចែករំលែកបទពិសោធន៍ និងជំនាញការគ្រប់គ្រងធនធានមនុស្ស ដើម្បីការបង្កើនប្រសិទ្ធភាពការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ក្រុមហ៊ុនទាំងពីរក៏បានបង្កើនចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់ (MOU) ដោយ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe និង Ms. Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata ដើម្បីផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៍ដល់អតិថិជនទាំងសងខាងក្នុងន័យជួយពង្រីកដល់ការប្រើប្រាស់ និងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរសង្ឃឹមថាការរួមបញ្ចូលគ្នានេះនឹងជួយសម្រួលដល់ការងារគ្រប់គ្រងធនធានមនុស្សឲ្យបានកាន់តែល្អប្រសើរ តាមរយៈដំណោះស្រាយតាមបែបឌីជីថល ដែលចំណាយពេលតិច និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម