ប្រកាសជ័យលាភីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៣ និងពានរង្វាន់ស្ត្រីឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យាឆ្នាំ ២០២៣

  • 2023-12-07 05:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា និងពានរង្វាន់ស្ត្រីឆ្នើម​ក្នុង​វិស័យ​ បច្ចេកវិទ្យា ឆ្នាំ២០២៣ បានប្រព្រឹត្តិឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួម ពីភ្ញៀវកិត្តិយសមកពី ក្រសួងស្ថាប័ន ស្ថានទូត វិស័យឯកជន សហគមន៍ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍នានា ដែលបានរៀបចំឡើងនៅ សណ្ឋាគារ​រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់។

ពានរង្វាន់ឌីជីថលកម្ពុជាជាកម្មវិធី ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំង ពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងឆ្នាំ២០២៣ កម្មវិធីនេះ ត្រូវបាន រៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល ក្រោមការឧបត្ថម្ភនិងគាំទ្រពីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងមូលនិធិ ស.អ. និង ក្រុមហ៊ុន Smart Axiata ព្រមទាំង Huawei Technologies (Cambodia)។

កម្មវិធីនេះ មានគោលបំណងលើកកម្ពស់នវានុវត្តន៍ឌីជីថលរបស់គ្រប់តួរអង្គទាំងអស់ សំដៅជំរុញការធ្វើបរិវត្តិកម្មឌីជីថលឆាប់រហ័ស ប្រកបដោយប្រសិទ្ធិភាព នវានុវត្តន៍ ​និងបរិយាបន្ន ពានរង្វាន់ឌីជីថលកម្ពុជាមានក្រុមហ៊ុនជ័យលាភីចំនួន៥ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង៥០ ក្រុមហ៊ុនស្ថាប័នដោយ គណៈវិនិច្ឆ័យមកពី ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។ ជ័យលាភីទាំង ៥ ប្រភេទពានរង្វាន់ រួមមាន៖

(១). ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) ត្រូវបានផ្តល់ជូន “ Kiripost” របស់ក្រុមហ៊ុន Kiripost Media ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីពាន់ដុល្លារអាមេរិក។​

(២). ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) ត្រូវបានផ្តល់ជូន “CAM-Science” របស់ក្រុមហ៊ុន CHALATEX​ ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីពាន់ដុល្លារអាមេរិក។

(៣). ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) ត្រូវបានផ្តល់ជូន ធនាគារវីង (Wing Bank) លើ​ផលិតផល “Wing Digital Loan” ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីពាន់ដុល្លារអាមេរិក។

(៤). ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) ត្រូវបានផ្តល់ជូន “ DamDoh App ” របស់ក្រុមហ៊ុន Hostmobiz ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ពីពាន់ដុល្លារអាមេរិក។

(៥). ពានរង្វាន់ពិសេសមួយត្រូវបានរៀបចំឡើង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី លើកកម្ពស់ការប្រកួតប្រជែង នៃការចាប់ផ្តើម អាជីវកម្មឌីជីថលថ្នាក់ជាតិ តាមរយៈការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងសមត្ថភាព ក្នុងការច្នៃប្រឌិត ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងប្រទេស គឺពានរង្វាន់រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី (Minister of Post and Telecommunication Startup Award) ត្រូវបានផ្តល់ជូន " Tenbox " របស់ក្រុមហ៊ុន Wave Asia ដែល​ទទួល​បាន​ថវិកា​រង្វាន់​ចំនួន ១ម៉ឺនដុល្លារអាមេរិក ។

សម្រាប់ពានរង្វាន់ស្ត្រីឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា ២០២៣ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការ ចូលរួម ស្រ្តីប្រកបដោយបរិយាបន្ន និងការទទួលស្គាល់នូវសមិទ្ធផលរបស់ស្រ្តីជាវិស្វករបច្ចេកវិទ្យា អ្នកឆ្នៃប្រឌិត មន្រ្តី រាជការ យុវនារី និងសហគ្រិនក្នុងវិស័យឌីជីថល ព្រមទាំងជាវេទិកាសម្រាប់ស្រ្តីក្នុងការចែករំលែក ចំណេះដឹង បទពិសោធ និងបង្កើតទំនាក់ទំនងបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។ កម្មវិធីពានរង្វាន់ ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ២០២៣ រៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងទីភ្នាក់ងារ អភិវឌ្ឍន៍ អាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី។

ពានរង្វាន់ស្ត្រីឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យាបេក្ខនារីចំនួន ៥រូប ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ជាង៦០រូប ដោយមានគណៈវិនិច្ឆ័យមកពី ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ ៤ ចំណុច គឺសាវតាការងារ ការច្នៃប្រឌិតបច្ចេកវិទ្យា និងឥទ្ធិពលដល់សង្គម។ ជ័យលាភីទាំង ៥រូប ដែលទទួល​បានពានរង្វាន់ រួមមាន៖

(១). ពានរង្វាន់យុវតីឌីជីថលឆ្នើមប្រចាំឆ្នាំ (Digital Youngster​ of the year) ត្រូវបានផ្តល់ជូន កញ្ញា Chun Phallamonunh ជា​និស្សិត​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

(២). ពានរង្វាន់ស្ត្រីអ្នកច្នៃប្រឌិតឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Creative of the year) ត្រូវបានផ្តល់ជូន កញ្ញា Meng Molinna អ្នកបង្កើតមាតិការឯករាជ្យ

(៣). ពានរង្វាន់ស្ត្រីវិស្វករឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Engineer of the year) ត្រូវបានផ្តល់ជូន កញ្ញា Tes Putthira មកពីក្រុមហ៊ុន ADITI

(៤). ពានរង្វាន់ស្ត្រីសហគ្រិនឌីជីថលឆ្នើមប្រចាំឆ្នាំ(Digital Entrepreneur of the year) ត្រូវបានផ្តល់ជូន លោកស្រី Chau Lon Molika ប្រធានក្រុមហ៊ុន Sophea Moly Agro-Retails & Trading Co., Ltd.

(៥). ពានរង្វាន់ស្រ្តីឆ្នើមក្នុងនវានុវត្តន៍រដ្ឋាភិបាលឌីជីថលប្រចាំឆ្នាំ(Female Digital Government Innovator) ត្រូវបានផ្តល់ជូន កញ្ញា Oung Somey មកពីធនាគារជាតិ។

គណៈកម្មការរៀបចំពានរង្វាន់ឌីជីថលកម្ពុជា សូមចូលរួមអបអរសាទរ ចំពោះជ័យលាភី ទាំងអស់ដែលជា អ្នកផ្តួចផ្តើម ក្នុងការផលិតនូវ ផលិតផល និងសេវាកម្មឈានមុខ សម្រាប់សង្គមឌីជីថលនៅកម្ពុជា។

អត្ថបទថ្មី