រឿងរ៉ាវកប់បាត់ ២០ឆ្នាំហើយ ជុំវិញមរណភាពនាយ វ៉ាំងដឺ ឥឡូវនេះកូនប្រុសចេញមកបញ្ជាក់ការពិត
- 2023-12-08 04:12:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវកប់បាត់ ២០ឆ្នាំហើយ ជុំវិញមរណភាពនាយ វ៉ាំងដឺ ឥឡូវនេះកូនប្រុសចេញមកបញ្ជាក់ការពិត
ចន្លោះមិនឃើញ
និយាយពីឈ្មោះនាយ វ៉ុំាងដឺ ដែលមានឈ្មោះពិតថា យិន សារឹម ប្រាកដជាមានប្រិយមិត្តមិនតិចទេនៅចាំនៅស្គាល់ថាជា តារាកំប្លែងដ៏ល្បីប្រមាណ ២០ឆ្នាំមុន។ នាយ បានបាត់បង់ជីវិតទៅជាមួយមន្ទិលមួយចំនួន មុនពេលកូនប្រុសម្នាក់បានចេញមកបញ្ជាក់ការពិតនៅពេលនេះ។
មានរូបរាងស្គម ទឹកមុខពូកែកំប្លុកកំប្លែង កាលពីប្រមាណជាង ២០ឆ្នាំមុន នាយ វ៉ាំងដឺ បានឆក់យកការគាំទ្រភ្លូកទឹកភ្លូកដី ជាមួយទេពកោសល្យពិសេសមួយ គឺការនិយាយភាសាខ្មែរយកសំឡេងសូរដូចភាសាវៀតណាម។
យ៉ាងណា ទេពកោសល្យនេះ ក៏បានធ្វើឲ្យនាយជួបបញ្ហាខ្លះខ្លះមកវិញផងដែរ។នេះបើតាមដំណក់ឈាមតែ១គ្រាប់គត់របស់លោកដែលនៅមានជីវិតមកដល់សព្វថ្ងៃ។
លោក យឹម ធីដេត ដែលអះអាងថាជាកូនប្រុសបង្កើតរបស់នាយ វ៉ាំងដឺ ប្រាប់ឲ្យដឹងថា ដោយសារមានរូបរាង និងសំឡេងនិយាយពេលសម្ដែងរឿង ដូចភាសាវៀតណាមនោះ ទើបមានការសង្ស័យថា លោកឪពុករបស់លោក មិនមែនជាជនជាតិខ្មែរ តែតាមពិតអ្នកមានគុណលោកជាជនជាតិខ្មែរមួយរយភាគរយ។
ធីដេត ប្រាប់ទៀតថា ការដែលប្រិយមិត្តតែងតែឃើញលោកឪពុកខ្លួន និយាយខ្មែរសូរដូចវៀតណាមនោះ ក៏ដោយសារតែធ្វើទៅតាមការអ្នកដឹកនាំរឿងប៉ុណ្ណោះ នៅក្រៅការសម្ដែងគឺលោក និយាយខ្មែរក្នុងសំនៀងធម្មតា។
ក្រៅពីស្រាយមន្ទិលខាងលើ លោក យឹម ធីដេត ក៏នៅលើកករណីទី២ទៀត ដែលមានចចាមអារ៉ាមថា លោកឪពុកលោក គឺនាយវ៉ុំាងដឺ ស្លាប់ដោយសារជំងឺអេដស៍។ ចំពោះករណីនេះ កូនប្រុសច្បងរូបនេះ បានគូសបញ្ជាក់ថា មិនមែនជាការពិតនោះទេ។
លោក លើកឡើងថា អ្នកមានគុណកាលនៅរស់ចូលចិត្តពិសារស្រា និងបារីច្រើនពេក ទើបធ្វើប៉ះពាល់ទៅដល់ថ្លើម និងសួតធ្ងន់ធ្ងរ។ ដល់ដំណាក់មួយ លោកឪពុកបានធ្លាក់ខ្លួនឈឺ និងបានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រទៅនៅអំឡុងឆ្នាំ ២០០២។