លែងត្រីដែលមាន​ប្រភពពីក្រៅប្រទេសជាពិសេស​អាម៉ាហ្សូន ចូលក្នុង​ដែន​ទឹកធម្មជាតិ អាចបង្កវិនាសកម្មដាច់ពូជត្រីកម្រតែម្តង

  • 2024-01-26 02:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ជលផល​ បាន​អំពាវនាវឱ្យបងប្អូន​ដែល​កំពុង​ចិញ្ចឹម​ប្រភេទត្រី ឬវារីសត្វ​មាន​ប្រភព​ពីក្រៅប្រទេស សូម​ថែរក្សា​ឱ្យបានខ្ជាប់ខ្ជួន ចៀសវាង​លែង ឬធ្វេសប្រហែល​ឱ្យរួចចូល​ក្នុងដែនទឹកធម្មជាតិ។

ការអំពាវនាវនេះ បន្ទាប់ពីថ្មីៗ មានបងប្អូន​ខ្លះបានលែងត្រី​ដែលមានប្រភព​ពីក្រៅ​ប្រទេស ចូលក្នុងដែនទឹកធម្មជាតិ សកម្មភាព​នេះ អាច​នឹង​បង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក។ វារីសត្វ ឬប្រភេទ​ត្រី​ដែលមាន​ប្រភព​ពីក្រៅប្រទេស​ មួយចំនួន​ជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ប្រសិនបើ​ប្រភេទត្រី ឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ វានឹង​ស៊ីត្រី​ក្នុងធម្មជាតិ ដណ្តើម​ទីជម្រក និង​អាចនាំ​ឱ្យប៉ះពាល់​ដល់ពូជក្នុងស្រុក។

​ជាមួយ​គ្នានោះ រដ្ឋបាល​ជលផលក៏បាន​ហៅសកម្មភាព​លែងត្រីរ៉ស់យក្ស​ដែលមាន​ប្រភព​ពីទន្លេអាម៉ាហ្សូន ចូលទន្លេសាប ដែលត្រូវបានបង្ហោះ​ចូលក្នុង TikTok កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៤ គឺ​ជាសកម្មភាព​ដែលត្រូវចៀសវាង និងមិនត្រូវឱ្យកើតមានតទៅទៀតឡើយ។

យ៉ាងណាមិញ រដ្ឋបាល​ជលផល ក៏បាន​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នកនេសាទ​ដែលបានចូល​រួមលែងនូវ​ប្រភេទ​ត្រីកម្រ ត្រីមេពូជ និងវារីសត្វ​ផ្សេងទៀត ជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្តើកសមុទ្រ ផ្សោតសមុទ្រ ដែល​ជាសកម្មភាព​ដ៏ប្រពៃ ក្នុងការចូលរួមថែរក្សា​ការពារ​នូវធនធានជលផល៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី