បន្ទាប់ពីរន្ធ USB-C ឥឡូវ​ Apple ត្រូវបង្ខំចិត្ត​កែសម្រួល iOS, Safari និង App Store ថែមទៀត

  • 2024-01-29 04:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ការផ្លាស់ប្តូរ​ដ៏ធំបំផុត​នូវរន្ធ USB-C ឥឡូវនេះ​ក្រុមហ៊ុន Apple បាន​ប្រកាស​កែប្រែ​ថ្មីទៅលើ iOS, Safari និង App Store បន្ថែម​ទៀតហើយសម្រាប់តំបន់អឺរ៉ុប ដើម្បី​អនុវត្ត​តាមច្បាប់ថ្មី​របស់​សហភាព​អឺរ៉ុប គឺច្បាប់ទីផ្សារឌីជីថល (Digital Markets Act)។ ការផ្លាស់ប្តូរទាំងនេះ នឹង​ធ្វើឡើង​ក្រោយ​ពេល​ Apple បញ្ចេញ​ iOS 17.4 នៅអំឡុងខែមីនាខាងមុខ។

១-iOS

Apple នឹង​អនុញ្ញាតឱ្យ​ដំឡើង​កម្មវិធី App ខាងក្រៅ​នៅលើ iOS បាន។ យ៉ាងណាមិញ ក្រុមហ៊ុនអះអាងថា វា​នឹង​បង្កហានិភ័យ​ចំពោះអ្នកប្រើប្រាស់ ដោយសារ App ខាងក្រៅទាំងនោះ អាច​ផ្ទុក​មេរោគ ដូច្នេះ​ក្រុមហ៊ុន Apple ​នឹង​បង្កើតជា «ការពិនិត្យមើលជាមុនសិន» ឬ Baseline Review សម្រាប់​ App ទាំងអស់នោះ ហើយការត្រួតពិនិត្យ​នឹង​ធ្វើឡើងដោយមនុស្សផង និងដោយស្វ័យប្រវត្តិផង។

២-Safari

នាពេលខាងមុខ​បន្ទាប់ពី​អាប់ដេតទៅ iOS 17.4 ហើយនោះ Safari គឺ​លែង​ជា Browser ដើមរបស់​ឧបករណ៍ Apple ដូចជា iPhone និង iPad ទៀតហើយ។ មានន័យថា អ្នក​ប្រើប្រាស់​ អាចជ្រើសរើស​ Browser ណាមួយ​ក៏បានធ្វើជា Browser ដើម ឬហៅថា Default Browser។ ក្នុងនោះ Apple នឹង​បង្ហាញ​ផ្ទាំង​ជ្រើសរើស​ថ្មីមួយ​នូវបញ្ជី Browser សម្រាប់​ default នៅពេល​អ្នក​ប្រើប្រាស់​ចូល​ក្នុង Safari ក្រោយអាប់ដេត iOS 17.4។

៣-App Store

នៅតំបន់អឺរ៉ុប iOS App នឹង​បង់​កម្រៃជើងសារ​ ១០% (សម្រាប់​ developer និង Subscrption) បន្ទាប់ពីឆ្នាំដំបូង​របស់ពួកគេ ឬ​បង់ ១៧% ទៅលើ​ប្រតិបត្តិការ​សម្រាប់​ទំនិញ និង​សេវាឌីជីថល។ ជាមួយគ្នានោះ iOS App អាចប្រើប្រាស់​ដំណើរការបង់ប្រាក់របស់ App Store ដោយបង់បន្ថែម ៣% ផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី