ប្រធាន​សហព័ន្ធ​កីឡា​បង្ហាត់​ជិះ​សេះ​អន្តរជាតិ ចូល​ជួប​ឯកឧត្ដម​ ថោង ខុន សម្ដែង​ការ​គួរសម​

  • 2024-01-30 10:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី៣០​ ខែ​មករា​ ឆ្នាំ​២០២៤​ នេះ​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ លោក Ingmar DE VOS ប្រធាន​សហព័ន្ធ​កីឡា​បង្ហាត់​ជិះ​សេះ​អន្តរជាតិ​ “FEI” ​និង​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ “IOC”​ និង​សហការី​ចូល​ជួប​សម្ដែង​ការ​គួរសម​ និងពិភាក្សា​ការងារ។​

ទិដ្ឋភាពព្រឹកមិញ (រូបភាព NOCC)

នា​ជំនួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​នេះ​ ឯកឧត្តមបណ្ឌិត ថោង ខុន ផ្តោត​សំខាន់​ លើ​ការ​ពិភាក្សា​ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កីឡា​ជិះសេះ​នៅ​កម្ពុជា​ តាម​រយៈ​ការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជំរុញ​បញ្ចូល​ប្រភេទ​កីឡា​នេះ​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​កម្រិត​តំបន់​នា​ពេល​អនាគត​ ជា​ពិសេស​ពិនិត្យ​លទ្ធភាព​ ក្នុង​ការ​បញ្ចូល​ប្រភេទ​កីឡា​ជិះសេះ​ក្នុង​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ លើក​ទី៥​ ឆ្នាំ២០២៩ ​នៅ​កម្ពុជា។​ ទន្ទឹម​និង​នេះ​ដែរ​គឺ​ទាមទារ​ឱ្យ​មាន​ការ​វាយតម្លៃ​យ៉ាង​ម៉ត់ចត់​ពី​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី “OCA” ​ស្រប​តាម​ស្តង់ដារ​ កំណត់​បច្ចេកទេស​ដូច​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​ដែរ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្តមបណ្ឌិត ថោង ខុន ស្នើ​សុំ​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​បង្ហាត់​ជិះសេះ​អន្តរជាតិ​ លើ​ការ​រៀបចំ​អភិវឌ្ឍ​ធនធាន​អត្តពលិក,​ ធនធាន​បច្ចេកទេស-ជំនាញ​ថែទាំ​សេះ​ និង​ការ​សាង​សង់​ទីលាន​ប្រកប​តាម​ស្តង់ដារ​អន្តរជាតិ​ ដើម្បីស្នើសុំរាជ-  រដ្ឋាភិបាលក្នុងការពិនិត្យលទ្ធភាពបញ្ចូលប្រភេទកីឡាជិះសេះក្នុងការប្រកួតកីឡាយុវជនកម្រិតអាស៊ីនេះ។

ទិដ្ឋភាពព្រឹកមិញ

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបង្ហាត់ជិះសេះអន្តរជាតិ ដែលបានឧបត្ថម្ភគាំទ្រគម្រោង “កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្មេងស្រីក្រីក្រ” របស់សហព័ន្ធលើការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញអ្នកថែទាំសេះនៅកម្ពុជា ដែលគម្រោងនេះពិតជា មានសារៈសំខាន់សម្រាប់សហព័ន្ធក្នុងការបណ្តុះបណ្តាលអ្នកថែទាំសេះប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងទិសដៅបន្តជំរុញអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជា ឱ្យកាន់តែមានប្រជាប្រិយភាព និងក្លាយជាប្រភេទកីឡាដ៏មាន   សក្កានុពល ផងដែរ៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​