Toyota ប្រកាស​ផ្អាកបញ្ជូន​រថយន្ត Hiace, Fortuner និង Land Cruiser ឱ្យអតិថិន ក្រោយរកឃើញ​ភាព​មិនប្រក្រតី​លើការធ្វើតេស្ត​ម៉ាស៊ីនម៉ាស៊ូត

  • 2024-01-31 03:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២៤ បាន​ប្រកាស​ផ្អាក​ប្រគល់​រថយន្ត​ម៉ាស៊ីនម៉ាស៊ូត​ចំនួន​១០ម៉ូឌែល​ឱ្យអតិថិជន​ បន្ទាប់​ពី​អង្គភាព​ស៊ើបអង្កេត​ផ្ទៃក្នុងរបស់​ក្រុមហ៊ុន បាន​រកឃើញ​ថា ពីករណីបំពាន​មួយចំនួន​អំឡុងពេល​ដំណើរការ​ផលិត​ម៉ាស៊ីនម៉ាស៊ូត​ជាមួយ​នឹងកូដ 1GD និង 2GD។

លទ្ធផល​បង្ហាញ​ថា ប៊តបញ្ជា ឬប្រព័ន្ធ ECU ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងអំឡុងពេល​ការធ្វើតេស្ត​កម្លាំងសេះ គឺ​ខុសគ្នាពី​អ្វីដែល​ត្រូវបានប្រើប្រាស់​ ក្នុងពេល​ផលិតម៉ាស៊ីននោះ។ យ៉ាងណាមិញ ទោះ​ជា​វា​មាន​ភាព​ខុសគ្នាបែបនេះក៏ពិតមែន វា​មិន​ប៉ះពាល់​ដល់​ដំណើរការរថយន្តនោះទេ ប៉ុន្តែវាជាការបំពាន​នូវ​នីតិវិធី​ត្រួតពិនិត្យ​យ៉ាងតឹងរឹង និង​ខ្វះភាពត្រឹមត្រូវ។

រថយន្តម៉ាស៊ូត​ដែល​រងផលប៉ះពាល់​រួមមាន Toyota Hiace, Innova, Granace, Fortuner, Land Cruiser 300 និង Land Cruiser Prado។ ចំណែក​៤ម៉ូឌែល​ទៀត គឺជាប្រេន​ផ្សេងៗដែល​បំពាក់ម៉ាស៊ីនម៉ាស៊ូត Toyota រួមមាន Mazda Bongo, Hino Dyna, Hino Dutro និង​ Lexus LX 500d។

ជាមួយ​គ្នានោះ Toyota ក៏បាន​ផ្អាក​សកម្មភាព​ផលិតកម្ម​នៅរោងចក្រ​របស់ខ្លួន​មួយចំនួន និង​ផ្អាក​បញ្ជូន​ជាបណ្តោះអាសន្ន​ដល់តំណាង​ចែកចាយ​ផងដែរ។

លោក Koichi Ito នាយកប្រតិបត្តិ Toyota Industries បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ និង​បង្ហាញ​ការសោកស្តាយ​ ដោយ​វាកើតឡើងចេញពី​រចនាសម្ព័ន្ធ​ក្រុមហ៊ុន​តែម្តង។

អាជ្ញាធរ​ក្នុងប្រទេស​ជប៉ុន ក៏បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ចំពោះ​បញ្ហានេះផងដែរ។ ក្រសួង​ដឹកជញ្ជូន​ជប៉ុន បាន​ស្នើឱ្យ Toyota ពន្យល់​ឱ្យបានច្បាស់​លាស់​ពីការបំពាន​នេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទពេញនិយម