កាល​ពី​បង្កើត​ដំបូង Premier League មិន​មែន​មាន​តែ ២០ ក្លឹប​នោះ​ទេ

  • 2024-02-01 11:46:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស​ Premier League ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ១៩៩២។ នា​ពេល​នោះ ក្លឹប​ដែល​ចូល​រួម​មាន​ចំនួន ២២ ក្លឹប មិន​មែន​មាន ២០ ក្លឹប​ដូច​សព្វ​ថ្ងៃ​នោះ​ទេ។

តាម​ពិត​ទៅ​លីគ​កំពូល​អង់គ្លេស​មិន​មែន​ទើប​តែ​កើត​ឡើង​ឆ្នាំ ១៩៩២ នោះ​ទេ តែ​មាន​តាំង​ពី​ឆ្នាំ ១៨៨៨ មក​ម៉្លេះ។ ក៏​ប៉ុន្តែ ឆ្នាំ ១៩៩២ នេះ គឺ​ជា​ឆ្នាំ​ដែល​មាន​ការ​រៀប​ចំ​ឡើង​វិញ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​នាំ​ឲ្យ​លីគ​កំពូល​អង់គ្លេស​ដែល​មាន​ឈ្មោះ​ជា​អង់គ្លេស​ថា Premier League មាន​ទម្រង់​ដូច​សព្វ​ថ្ងៃ។ ការ​កែ​ប្រែ​ធំៗ​កាល​នោះ​មាន​ដូច​ត​ទៅ ពោល​គឺ Premier League មាន​ក្លឹប​ចូល​រួម​តិច​ជាង​មុន ហើយ​សុទ្ធ​តែ​ក្លឹប​ខ្លាំងៗ។ ក្លឹប​បាត​តារាង​នឹង​ត្រូវ​កាត់​ចេញ ហើយ​ជំនួស​មក​វិញ​ដោយ​ក្លឹប​ខ្លាំង​មក​ពី​លីគ​លំដាប់​ពីរ។ លើស​ពី​នេះ​ លីគ Premier League ត្រូវ​បាន​រៀប​ចំ​ជា​ក្រុមហ៊ុន​ឯក​ជន មាន​សិទ្ធិ​សេរីភាព និង​ឯករាជ្យ​ភាព​ពេញលេញ​ក្នុង​ការ​ចរចា​កុងត្រា​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ដទៃ ដាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស។

នៅ​ពេល​បង្កើត​ឡើង​ដំបូង Premier League មាន​ក្លឹប​ចូល​រួម​ដល់​ទៅ ២២ ក្លឹប មិន​មែន​ដូច​ ២០ ក្លឹប​សព្វថ្ងៃ​នោះ​ទេ។ មូល​ហេតុ​គឺ​ដោយ​សារ​ក្លឹប​ស្ថាបនិក​មាន​ដល់​ទៅ ២២ ក្លឹប​ដែល​ចូល​រួម​ជួយ​ជ្រោមជ្រែង​បង្កើត​លីគ Premier League នេះ​ឡើង។ ក្លឹប​ទាំង​នោះ​រួម​មាន៖ Arsenal, Aston Villa, Blackburn Rovers, Chelsea, Coventry City, Crystal Palace, Everton, Ipswich Town, Leeds United, Liverpool, Manchester City, Manchester United, Middlesbrough, Norwich City, Nottingham Forest, Oldham Athletic, Queens Park Rangers, Sheffield United, Sheffield Wednesday, Southampton, Tottenham Hotspur, និង Wimbledon។

ក្នុង​ចំណោម​ ២២ ក្លឹប​នោះ មាន​តែ​ក្លឹប​ចំនួន ៦ ប៉ុណ្ណោះ​ដែល​មិន​ដែល​ស្គាល់​សោះ​ពាក្យ​ថា​កាត់​ចេញ​ពី​ Premier League ជាង ៣០ ឆ្នាំ​កន្លង​មក។ ក្លឹប​ទាំង​នោះ​រួម​មាន៖ Arsenal, Chelsea, Everton, Liverpool, Manchester United និង Tottenham Hotspur។

រដូវ​កាល​ដំបូង​ Premier League បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ១៩៩២។

ក្រោយ​មក​គណៈ​គ្រប់គ្រង Premier League បាន​សម្រេច​ថា បន្ថយ​ចំនួន​ក្លឹប​ត្រឹម​ ២០ ក្នុង​លីគ​កំពូល​អង់គ្លេស ដើម្បី​បង្កើន​ការ​ប្រកួត​ប្រជែង​កម្រិត​អន្តរជាតិ​ក្នុង​លីគ។ សេចក្ដី​សម្រេច​នេះ​ចូល​ជា​ធរមាន​ក្នុង​រដូវ​កាល​ ១៩៩៤/១៩៩៥ ហើយ​តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​សព្វ​ថ្ងៃ​ Premier League មាន​តែ​ ចំនួន ២០ ក្លឹប​ប៉ុណ្ណោះ​លេង​ក្នុង​លីគ​កម្រិត​កំពូល។ រៀង​រាល់​រដូវ​កាល មាន​ក្លឹប​បាត​តារាង​ចំនួន ៣ ដែល​ត្រូវ​បាន​កាត់​ចេញ ហើយ​ជំនួស​មក​វិញ​ដោយ​ក្លឹប​កំពូល​ចំនួន​ ៣ ពី​លីគ​លំដាប់​ពីរបស់រ​អង់គ្លេស៕

ប្រភព៖ Premier League   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី