មួយថ្ងៃ​ មុន​បើកឡានចេញដំណើរកម្សាន្ត តើត្រូវធ្វើតេស្តឡានអ្វីខ្លះ?

  • 2024-02-08 03:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើលោកអ្នកមាន​គម្រោង​ និងកំណត់ថ្ងៃ​ច្បាស់លាស់​ធ្វើដំណើរកម្សាន្ត​ទៅលេង​ទីជិតទីឆ្ងាយហើយ លោកអ្នកគួរ​តែ​ធ្វើតេស្ត​រថយន្ត​មួយថ្ងៃ​មុន​ចេញដំណើរ ក្រែងលោ​ឃើញមានបញ្ហាអ្វីមិនស្រួល គឺ​អាចយកទៅហ្គារ៉ាស់ជួសជុលទាន់ពេល។

អ្វីដែល​ត្រូវធ្វើដំបូងនោះ គឺពិនិត្យមើលសភាព​សំបកកង់ និង​បើកគម្របម៉ាស៊ីន ដើម្បី​មើលកម្រិត​ប្រេងម៉ាស៊ីន ទឹកស្អំ ប្រេងបូមចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង សភាព​អាគុយ អ៊ែរម៉ាស៊ីន និង​ទឹក​បាញ់កញ្ចក់ជាដើម ក៏ដូចជាសង្កេតមើលការដាច់ខ្សែ លេចជ្រាប​ឬលេចធ្លាយ​កន្លែងណាមួយ។

បើ​មិនមានបញ្ហាអ្វីទេ បន្ទាប់មកគឺ​បញ្ឆេះរថយន្ត​ដើម្បីដឹងច្បាស់ថា មាន​បញ្ហានៃការដេរបញ្ឆេះ​រថយន្ត​ឬអត់។ មើលកុងទ័រ​ថាតើ​មាន​គាំងទ្រនិចណាមួយឬអត់ និង​មានចេញ​សញ្ញា Check ឬអត់ មើលកម្រិតសាំង ធ្វើតេស្ត​បើក​ចង្កៀង​ ភ្លើងហ្វ្រាំង និង​ស៊ីញ៉ូឆ្វេងស្តាំមុខក្រោយ ដំណើរការផ្លិតទឹក និងបាញ់ទឹក ស៊ីផ្លេ ប៊ុតុងចុចកញ្ចក់ និងចាក់សោ​ ក៏ដូចជាការសារ៉េ​កញ្ចក់មើលក្រោយ​សងខាងជាដើម។ ក្រៅពីនេះ ក៏ត្រូវត្រួតពិនិត្យ​ម៉ាស៊ីនត្រជាក់​ ដូចជាធុំក្លិន​ចម្លែក ឬមិនសូវត្រជាក់ជាដើម។

តមកទៀត គឺលោកអ្នកគួរ​បើករថយន្ត​សាកល្បង​បន្តិច ដើម្បីស្ទាបស្ទង់​បញ្ហា​ផ្សេងៗដូចជា ហ្វ្រាំង​ថាតើជាន់ស៊ីឬអត់ ឆេះញាក់ និងមានសំឡេងលាន់ខុសធម្មតាឬអត់ ក៏ដូចជា​ត្រូវចាប់អារម្មណ៍​លើ​ប្រព័ន្ធជើងក្រោមផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទពេញនិយម