ថតភាពយន្តលើកដំបូង ម៉ូដែលកូនកាត់ខ្មែរ-បារាំង មាលា ស្ត្រេសផង សប្បាយចិត្តផង!

  • 2024-02-13 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ប្រវត្តិស្នេហ៍នាងនាថ» ជាស្នាដៃភាពយន្តដំបូងបង្អស់ដែលតារាម៉ូដែលកូនកាត់ខ្មែរ-បារាំង មាលា (Melia Constantin) ចូលរួមសម្តែង ដោយនាងក្តោបបានតំណែងតួឯកស្រីក្នុងរឿងស៊េរីបែកចែកជា ៣ វគ្គធំៗរួមមាន៖ វគ្គ១. យុវវ័យក្រោយសម័យអង្គរ , វគ្គ២. ជើងមេឃពណ៌ស្វាយ និងវគ្គ៣. ខ្មោចចញ្ចឹមកូនមនុស្ស។

ឱ្យដឹងក្នុងថ្ងៃក្រុងពាលីភាពយន្តខ្នាតធំនេះ មាលា ថា នេះជាភាពយន្តដំបូងបង្អស់ដែលនាងសម្រេចចិត្តចូលរួមសម្តែង។ វារៀងស្ត្រេសបន្តិច តែនាងសប្បាយចិត្តចំពោះបទពិសោធន៍ថ្មីដែលទទួលបាននៅពេលនេះ។ ម៉ូដែលកូនកាត់ខ្មែរ-បារាំង រូបនេះបន្តថា ដំបូងនាងមានអារម្មណ៍ខ្លាច មិនហ៊ានទទួលថតរឿងនេះឡើយ តែក្រោយពីសាកល្បងចេញថតបានមួយថ្ងៃ នាងដឹងថា នាងមិនសោកស្តាយដែលទទួលថតភាពយន្តនេះឡើយ។ «ពីរថ្ងៃដំបូងវារៀងពិបាក ប៉ុន្តែវាក៏សប្បាយខ្លាំងណាស់ដែរ។ ខ្ញុំរៀនសូត្របានច្រើន ពីតារាសម្តែងជាច្រើនរូប ហើយវាពិតជាពេលវេលាល្អណាស់សម្រាប់ខ្ញុំ»។

សោភារូបស្រស់នេះសង្ឃឹមថា ការថតភាពយន្តនេះនឹងដំណើរការទៅបានរលូនល្អ ហើយនាងមិនចាំបាច់រំពឹងអ្វីច្រើនទេ ព្រោះនាងមើលឃើញថា ក្រុមការងាររបស់ LD Entertainment មានវិជ្ជាជីវៈណាស់ ហើយគ្រប់យ៉ាងពិតជាស្រស់ស្អាត ដូច្នេះនាងមានតែអរគុណទៅកាន់តែក្រុមការងារ និងគ្រប់គ្នាដែលតែងតែស្រលាញ់គាំទ្រនាងរហូតមក។ មាលាបានដាក់ចិត្តដាក់កាយសម្តែងរឿងនេះខ្លាំង ដោយតារាស្រីវ័យក្មេងរូបនេះ សង្ឃឹម​ថាមហាជននឹងពេញចិត្ដនូវស្នាដៃដំបូងនេះ។

គួររំឮកផងដែរថា កញ្ញា Melia Constantin ជាកូនកាត់ខ្មែរ-បារាំង ដោយម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិបារាំង។ បច្ចុប្បន្ន មាលា មានអាជីពជាតារាម៉ូដែល និងជា Influencer ល្បីឈ្មោះម្នាក់ក្នុងរង្វង់សិល្បៈកម្ពុជា ដោយនាងក្តោបបានការងារថតប្រម៉ូតផ្សព្វផ្សាយ និងស្បតពាណិជ្ជកម្មឱ្យប្រេនធំៗជាច្រើន រួមទាំងប្រេនលំដាប់អន្តរជាតិផងដែរ។ ក្រៅពីការងារសិល្បៈ តារាស្រីកូនកាត់រូបនេះក៏មានប្រេន Cosmetic ផ្ទាល់ខ្លួន ដែលទទួលបានការគាំទ្រពីមហាជនទៀតផង៕

AH MOUY

អត្ថបទពេញនិយម
អត្ថបទថ្មី