លម្អិត​ច្បាស់ៗ​អំពីស្ពាន ចាក់អង្រែ-ព្រែកប្រា ដែល​សាងសង់​រយៈពេល ៤២ខែ

  • 2024-02-20 02:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានឆ្លងកាត់​ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នឹង​សាងសង់​ជាប្រភេទ​ស្ពានបេតុងភ្លោះ ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើម​ពីត្រើយខាងលិច​ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់​នៅត្រើយខាងកើត​ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ស្ពានបេតុងភ្លោះនេះ មានទទឹងសរុប ២៧ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង ១៣,២៥ម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ AC ហើយមានគម្លាតពីគ្នាកន្លះម៉ែត្រ។ ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅមហាវិថីសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

គម្រោងនេះ ក៏រួមបញ្ចូលនូវការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាង ចំនួន ៤កំណាត់ ប្រវែងសរុប ១៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក ព្រមទាំងការស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន ២ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ១១០ ប្រវែង ១១០ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាន និងការរៀបចំបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

នៅក្នុងក្របខ័ណ្ឌនៃស្ថានភាពភូមិសាស្ត្រ និងការតភ្ជាប់ ស្ពាននេះគឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរជាមួយមហាវិថីធំៗ ផ្លូវជាតិ និងខ្សែផ្លូវសំខាន់ៗដទៃទៀត ដូចជា នៅត្រើយខាងលិចតភ្ជាប់ជាមួយមហាវិថីឈុនគង់ (ដែលកំពុងសាងសង់) រួចភ្ជាប់ទៅមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយរត់កាត់ពីលើនិងតភ្ជាប់ជាមួយផ្លូវជាតិលេខ២។ ដោយឡែក នៅត្រើយខាងកើត គឺស្ពាននេះនឹងតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយរត់កាត់ពីលើនិងតភ្ជាប់ជាមួយផ្លូវលេខ១១០ ក្នុងទិសដៅចូលមករាជធានីភ្នំពេញ ឬចេញទៅខេត្តកណ្តាល ឆ្ពោះទៅកាន់តំបន់ភូមិសាស្ត្រពាក់ព័ន្ធផ្សេងទៀត។

ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទៅប្រកបមុខរបរប្រចាំថ្ងៃ និងក្មួយៗសិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀនបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព ព្រមទាំងចូលរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ការដឹកជញ្ជូនទំនិញ ការអភិវឌ្ឍនគរូបនីយកម្ម និងទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន