គម្រោងធ្វើទំនើបកម្មប្រវែង ២៧០គីឡូម៉ែត្រ នឹងធានាភ្នំពេញ ពីហានិភ័យដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទ

  • 2024-02-20 07:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កាលពីចុងសប្តាហ៍កន្លងទៅ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងធ្វើទំនើបកម្មប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យការអនុវត្តគម្រោងដែលស្ថិតក្នុងភូមិសាស្រ្តតំបន់សាក់សំពៅ តំបន់បឹងជើងឯក តំបន់ព្រៃកំពិស តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់ពងទឹក តំបន់ប្រទះឡាង តំបន់ប្រលានយន្តហោះតេជោមរកតភ្នំពេញ តំបន់ទន្លេបាទី តំបន់ត្នោតតេ តំបន់ស្លាគូ តំបន់ស្ទឹងជ្រៅ តំបន់ព្រៃមូល តំបន់ជ្រោងស្តៅ តំបន់ព្រែកតាំងហ៊ុន តំបន់ព្រែកថ្មី តំបន់ព្រែកគង់ តំបន់អូរអណ្តូង តំបន់បឹងជើងលូង និងតំបន់កំពង់ទួលទឹកថ្លា។

សូមជម្រាបថា គម្រោងនេះមានប្រវែង ២៧០គីឡូម៉ែត្រ និងមានបំពាក់ស្ថានីយបូមទឹកវៃឆ្លាតទំនើបស្វ័យប្រវត្តិដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ដែលគ្របដណ្តប់លើខេត្តកំពង់ស្ពឺ ខេត្តខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ ដោយធានាបាននូវសុខសុវត្ថិភាពជូនរាជធានីភ្នំពេញពីហានិភ័យដែលបង្កឡើងដោយសារទឹកជំនន់គ្រប់ប្រភេទ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា ក្រសួងធនធានទឹក និងឧតុនិយមបានរៀបចំនូវផែនការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះជំនន់ទឹកភ្លៀង និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពទឹកប្រកបដោយស័ក្តិសិទ្ធិភាពដល់រាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល តាមតាមការចង្អុលបង្ហាញប្រកបដោយយុទ្ធសាស្ត្រជាក់លាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាជន់លិចក្នុងអាងស្ទឹងនិងទន្លេ តាមរយៈការកំណត់តំបន់ជំនន់លិចទឹកជាប្រចាំ តំបន់លិចទឹកហើយនិងស្រកទៅវិញ និងតំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងនេះក៏មានបំពាក់សំណង់សិល្បការតូចធំជាច្រើនដែលធានាបាននូវនិរន្តរភាពនិងឧត្តមភាពលើការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ជំរុញកំណើនវិស័យអេកូទេសចរណ៍ ជាផ្លូវគមនាគមន៍ដ៏សំខាន់ និងជួយដោះស្រាយបញ្ហាកង្វះខាតទឹកក្នុងរដូវប្រាំងសម្រាប់គ្រប់វិស័យក្នុងខេត្តទាំងបួនខាងលើផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងកោតសរសើរដល់ក្រុមការងារសាងសង់ និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានីខេត្តដែលពាក់ព័ន្ធត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ប្រកបដោយគុណភាពរឹងមាំយូរអង្វែង។

គួររម្លឹកថា ក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ស្តីពីសមាហរណកម្មផែនការការងារដោះទឹកនិងបង្វែរទឹកភ្លៀងនិងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញពីរាជធានីភ្នំពេញ អង្គប្រជុំបានសម្រេចឱ្យក្រសួងធនធានទឹក និងឧតុនិយមទទួលបន្ទុកធ្វើការដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅចូលទៅក្នុងអាងទន្លេ ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញទទួលបន្ទុកកិច្ចការដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីផ្ទៃក្នុងរាជធានីភ្នំពេញតាមប្រព័ន្ធលូនានា និងប្រព័ន្ធចម្រោះទឹកកខ្វក់៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទថ្មី