នេះជាមូលហេតុកីឡាករវ័យក្មេង ប៊ូខាវ មិនចូលរួមប្រកួត 4x4 តាមភូមិភាគទាំង៥
- 2024-02-25 06:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាមូលហេតុកីឡាករវ័យក្មេង ប៊ូខាវ មិនចូលរួមប្រកួត 4x4 តាមភូមិភាគទាំង៥
ចន្លោះមិនឃើញ
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់៤ស្មើ Wurkz Special Volleyball Cup 4x4 2024 តាមភូមិភាគបានចាប់ផ្ដើមហើយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបងដែលជាមណ្ឌលបើកឆាកដំបូងគេមុនឈានដល់៤មណ្ឌលផ្សេងទៀត។
ក្នុងពានរង្វាន់ភូមិភាគដ៏ធំនេះគេឃើញមានកីឡាករនិងក្រុមល្អៗជាច្រើនបានចុះឈ្មោះប្រកួត ដោយឡែកក្លឹបបញ្ជាការដ្ឋានអង្គរក្សដែលសំបូរធនធានកីឡាករល្អៗ មិនបានបញ្ជូនអត្តពលិកចូលរួមឡើយ ខណៈក្លឹបធំៗដូចជាសមាគមបាល់ទះក្រសួងមហាផ្ទៃ ក្លឹបកងពលធំអន្តរាគមន៍លេខ៣ និងក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាដើម បានបញ្ជូនកីឡាករខ្លួនចូលរួមតាមភូមិភាគផ្សេងៗគ្នា។
ឃុន ម៉ាណត់ ដែលប្រិយមិត្តស្គាល់ថាប៊ូខាវជាសមាជិកដ៏សំខាន់របស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ក៏មិនមានវត្តមានក្នុងព្រឹត្តិការណ៍មួយនេះដែរ។ ម៉ាណត់បានប្រាប់មូលហេតុថាដោយសារកីឡាករបញ្ជាការដ្ឋានអង្គរក្សជាប់ប្រកួតពានផ្ទៃក្នុងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ដើម្បីអបអរសាទរឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកុម្ភៈស្អែកនេះដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ដូច្នេះកីឡាករទាំងអស់ត្រូវប្រមូលផ្ដុំតាមក្រុមនីមួយៗ ហើយឃុនម៉ាណត់លេងឲ្យក្រុមទីស្ដីការគណៈរដ្ឋមន្ត្រី។
កីឡាករវ័យ២៤ឆ្នាំ ឃុន ម៉ាណត់ ជាកីឡាករល្អរបស់បញ្ជាការដ្ឋានអង្គរក្ស។ គេបានជួយឱ្យក្លឹបធំមួយនេះទទួលបានចំណាត់ថ្នាក់លេខ១ពានរង្វាន់តេជោលីគ រដូវទី១ ឆ្នាំ២០២៣-២០២៤ ក្រោយយកឈ្នះវិសាខាបីសិតទល់មួយសិតនៅវគ្គផ្ដាច់ព្រ័ត្រ។
ងាកមកពានរង្វាន់ Wurkz Special Volleyball Cup ឯណេះវិញគឺមាន៥ភូមិភាគរួមមាន ខេត្តបាត់ដំបង សៀមរាប កំពង់ចាម ព្រៃវែង ព្រះសីហនុ។ ភូមិភាគខេត្តបាត់ដំបង បានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយថ្ងៃទី២៥ ខែកុម្ភៈនេះជាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងសមាគមក្រសួងមហាផ្ទៃ B និងក្លឹបកីឡាបាល់ទះបាត់ដំបង នៅម៉ោង៤រសៀល ចំណែកលេខ៣និងលេខ៤ប្រកួតនៅម៉ោង៣រសៀលនេះ នៅទីលានបាល់ទះវិទ្យាល័យ នេត យ៉ង់៕