ស្ងាត់ៗ តំបន់​ទន្លេស្ងួត នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នឹងក្លាយ​ជាទីកន្លែងកម្សាន្ត​ដ៏មានសក្តានុពល

  • 2024-02-26 07:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់ទន្លេស្ងួត ដែលមានផ្ទៃដី ១៤ហិកតា ស្ថិតក្នុង​ភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នឹងត្រូវរៀបចំ​បង្កើត​ឱ្យមាន​កន្លែង​កម្សាន្ត​បែបធម្មជាតិ​ជាច្រើន និងជា​ដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និង​ប្រព័ន្ធធារាសាស្រ្ត សម្រាប់​បម្រើឱ្យការ​ស្រោចស្រព​ស្រែចំការ​ប្រជាពលរដ្ឋផងដែរ។

ក្នុងអំឡុងដំណើរទស្សនកិច្ច​នៅតំបន់​ទន្លេស្ងួត កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានសាងសង់ឡើងតាមផែនការ ក្នុងការលើកកម្ពស់ជីវភាពប្រជាប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការបង្កើនប្រាក់ចំណូល ពីទេសចរណ៍​គោលដៅកម្សាន្តបៃតង និងអព្យាក្រឹតកាបូន។

បច្ចុប្បន្ន គ្រឿង​ឧបករណ៍​សម្រាប់​ជិះទោងកម្សាន្ត កំពុងតែដំឡើង​ដែលនឹងលេចចេញជារូបរាងនៅក្នុងប៉ុន្មានថ្ងៃខាងមុខ។ សិទ្ធផលថ្មីនេះ មិនត្រឹមតែមានប្រយោជន៍ មិនត្រឹមជាកន្លែងកម្សាន្តសម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយតំបន់ក្លាយជាទីកន្លែងទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត។

ដោយសារតំបន់មានសក្តានុពលធម្មជាតិ រួមមាន សួនច្បារផ្កាស្បៃរឿង១លានគុម្ព ដាំដុះតាមបណ្តោយទន្លេស្ងួត ប្រវែងជាង១គីឡូម៉ែត្រ និងទទឹង៣ម៉ែត្រ ព្រទាំងមានទីតាំងប្រវត្តិសាស្រ្តផ្សេងទៀត រួមមានប្រាសាទព្រះធាតុ ទីទួលបុរាណ និងវត្តព្រះធាតុបាស្រី ដែលល្បីល្បាញខាងផ្នែកជំនឿប្រពៃណី របស់ប្រជាពលរដ្ឋ ដែលមកបែបន់ តែងបានសម្រេចតាមបំណងប្រាថ្នា។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ឧទ្យានទន្លេស្ងួត នឹងប្រែក្លាយជាសហគមន៍គោលដៅកម្សាន្តបៃតងដ៏ទាក់ទាញ និងផ្តល់ប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដ៏សម្បូរបែបដូចជា កញ្ចុះសម្រាប់អង្គុយលេង និងកន្លែងស្ទូចត្រីកម្សាន្ត មគ្គុទេសក៍ទេសចរណ៍ ក្នុងតំបន់វប្បធម៌ធម្មជាតិនេះ ព្រមទាំងផ្តល់សេវាកម្មម្ហូបអាហារ ការលក់ដូរកសិផលក្នុងស្រុកជូនភ្ញៀវទេសចរណ៍ ប្រកបដោយចិត្តស្អាត ស្មោះត្រង់ និងផ្ដល់នូវផាសុកភាពជូនភ្ញៀវទេសចរណ៍ និងកាត់បន្ថយការបំពុលនានាទៅក្នុងបរិយាកាស ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកស្ទួយការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព​៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី