ក្រោយឈ្នះប្រាក់រង្វាន់១១លានរៀល ឈឹម សុសមុទ្រ បង្ហើបថាទុកចិត្ត ថៃនី ជាង អេលេក្ស
- 2024-02-27 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយឈ្នះប្រាក់រង្វាន់១១លានរៀល ឈឹម សុសមុទ្រ បង្ហើបថាទុកចិត្ត ថៃនី ជាង អេលេក្ស
ចន្លោះមិនឃើញ
អ្នកប៉ះសេឆ្នើម ឈឹម សុសមុទ្រ បានជួយឲ្យក្រុមកីឡាបាល់ទះបាត់ដំបងលើកពានភូមិភាគ៤ស្មើ នៅមណ្ឌលខេត្តបាត់ដំបងកាលពីពេលថ្មីៗកន្លងទៅ។
កីឡាករ សុសមុទ្រ បានបង្ហាញសមត្ថភាពចែកបាល់យ៉ាងល្អតាំងពីប្រកួតដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ជាពិសេសគេលើកបាល់ឲ្យស្មាត់ឆ្វេងស្ដាំ សាវុត អេលេក្ស និង អេង ថៃនី ផ្ដាច់យកពិន្ទុបានច្រើនឲ្យក្រុម។
ចំពោះស្មាត់ទាំងពីរតើ ឈឹម សុសមុទ្រ ទុកចិត្តស្មាត់រូបណាជាង? បើតាមចម្លើយឆ្លើបប្រាប់ សុសមុទ្រទុកចិត្តស្មាត់ស្ដាំ អេង ថៃនី ជាងស្មាត់ឆ្វេង សាវុធ អេលេក្ស ព្រោះរូបគេលេងជាមួយថៃនីយូរឆ្នាំ ខណៈអេលេក្សទើបតែលេងជាមួយគ្នាក្នុងពានរង្វាន់នេះតែប៉ុណ្ណោះ។
អ្នកប៉ះសេឆ្នើមដែលល្បីនៅបាត់ដំបងរូបនេះបានបង្ហើបថា ៖«បាទបង! សម្រាប់ថៃនីខ្ញុំលេងជាមួយគាត់ច្រើន សម្រាប់អេលេក្សទើបតែប្រកួតនេះទេ ហើយនិយាយពីការប៉ះសេវិញគឺខ្ញុំមើលតាមទម្រង់ស្មាត់ ដូចថាប្រកួតពេលព្រឹកចឹងថៃនីគាត់អត់សូវដាច់ចឹងទៅ ខ្ញុំដាក់ឲ្យអេលេក្សច្រើន តែបើសិនជាថៃនីកំពុងតែល្អ ខ្ញុំដាក់ឲ្យថៃនីច្រើន អាហ្នឹងខ្ញុំបត់បែនទៅតាមស្មាត់ដែរ ដែលគាត់ល្អឬមិនល្អ»។
ដៃគូរបស់ស្មាត់ប៉ាពោធិ៍សាត់ដដែលនេះ បានទម្លាយចំណុចល្អរបស់ អេង ថៃនី ថាគេជាកីឡាករជើងចាស់ប្រឡូកក្នុងវិស័យបាល់ទះយូរជាងអេលេក្ស។ បាល់របស់ថៃនីមានធ្ងន់មានស្រាល មានបច្ចេកទេសជាងទាំងការបាំងនិងការម៉ាត់ផ្ដាច់។ ដោយឡែក អេលេក្ស មិនសូវចេះបោះឱ្យតែឡើងដឹងតែធ្ងន់ ប៉ុន្តែសុសមុទ្របានសរសើរដល់ស្មាត់ទាំងពីរនិងមិត្តរួមក្រុមទាំងអស់ថាពីជាធ្វើបានល្អក្នុងការប្រកួតដ៏កក្រើកនេះ។
ជម្រើស៤នាក់ដំបូងដែលជួយឱ្យក្លឹបកីឡាបាល់ទះបាត់ដំបងលើកពានរង្វាន់ភូមិភាគ៤ស្មើដំបូងនៅខេត្តបាត់ដំបងមានអ្នកប៉ះសេឆ្នើម ឈឹម សុសមុទ្រ, ស្មាត់ស្ដាំ អេង ថៃនី, ស្មាត់ឆ្វេង សាវុត អេលេក្ស និង ហ៊ុន ប៊ុនធឿន។
ជើងឯកពាន៤ស្មើ Wurkz Special Volleyball Cup 4x4 2024 នៅភូមិភាគដំបូងក្នុងចំណោមភូមិភាគទាំង៥បានរកឃើញហើយ គឺក្លឹបកីឡាបាល់ទះបាត់ដំបង ក្រោយឈ្នះក្រុមខ្លាំងក្រសួងមហាផ្ទៃ B នៅវគ្គផ្ដាច់ព្រ័ត្រ២សិតទល់១សិត ទទួលបានពាន១ ប្រាក់រង្វាន់១១លានរៀល៕