ព្រឹត្តិការណ៍បាល់ទាត់ Ian Thompson Memorial៖ ជួយលើកកម្ពស់ដល់សុខុមាលភាព និងទឹកចិត្តស្រឡាញ់គាំទ្រវិស័យកីឡារបស់កុមារា
- 2024-03-03 08:27:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍បាល់ទាត់ Ian Thompson Memorial៖ ជួយលើកកម្ពស់ដល់សុខុមាលភាព និងទឹកចិត្តស្រឡាញ់គាំទ្រវិស័យកីឡារបស់កុមារា
ចន្លោះមិនឃើញ
កាលពីថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះអង្គការផ្កាយសមុទ្រ បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា «Ian Thompson Memorial – ISF» ប្រចាំឆ្នាំរបស់ខ្លួន។
កម្មវិធីបាល់ទាត់ប្រចាំឆ្នាំមួយនេះបានប្រមូលផ្តុំកីឡាករចំនួន ៦១២ នាក់មកពី ៥១ក្រុម ធ្វើដំណើរមកពីខេត្តក្រុងចំនួន៩ ក្នុងចំណោម ២៥ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជាចូលរួមប្រកួតទៅតាមប្រភេទអាយុ ខុសៗគ្នាដូចជា។
ការប្រកួតនេះគឺរួមមានដូចជា អាយុក្រោម ១៦ឆ្នាំ, អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំជាដើម។ ក្រុមទាំងនេះប្រកួតសរុបចំនួន ១២៣ប្រកួត ដែលជាការសន្សំពិន្ទុឆ្លងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមជើងខ្លាំងឈ្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវបន្តទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។
ឆ្នាំ២០២៤ នេះគឺជាឆ្នាំទី១០ ហើយដែលអង្គការផ្កាយសមុទ្រជាអង្គការក្រៅរដ្ឋាភិបាលមួយធ្លាប់ទទួលបានពានអន្តរជាតិ បានបន្តរួមសហការជាមួយនឹងមូលនិធិ Ian Thompson Memorial ។
គួរបញ្ជាក់ផងដែរថា លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈឱកាសប្រកបដោយសមធម៌ដើម្បីទទួលបានការអប់រំសេវាថែទាំសុខភាព និងកីឡាជាដើម។ ក្នុងគោលបំណងរក្សានូវកេរ្តិ៍ដំណែលរបស់ឪពុកលោក Alistair ជាកូនប្រុសបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះតរៀងមកចាប់តាំងពីឪពុករបស់លោកបានទទួលមរណភាព។
កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រធ្វើការដោយផ្ទាល់ជាមួយនឹងកុមារជាច្រើនដែលជួបប្រទះការលំបាក និងកំពុងរស់នៅក្នុងសហគមន៍មួយចំនួនដែលភាពក្រីក្រ ការរើសអើងផ្នែកសង្គម និងកង្វះឱកាសជារឿយៗគឺជាកត្តាចម្បងនាំឲ្យពួកគេមានទម្លាប់ បញ្ចេញអាកប្បកិរិយាមិនល្អផ្សេងៗ។ អង្គការផ្កាយសមុទ្រផ្តល់ឱកាសឲ្យកុមារទទួលបានសិទ្ធិរបស់ពួកគេក្នុងការលេង កំសាន្ត និងការអប់រំ ដោយជាមួយគ្នានេះផងដែរក៏បានលើកកម្ពស់ដល់ជម្រើសជីវិតប្រកបដោយសុខភាព សមភាព និង ការចូលរួមផ្នែកសង្គមសកម្មទៀតផង។ លើសពីនេះទៅទៀតកម្មវិធីបាល់ទាត់មួយនេះក៏បានផ្តល់ឱកាសក្នុងការទទួលបានវគ្គបណ្តុះបណ្តាលបាល់ទាត់ និងការប្រកួតប្រជែងកីឡាទៅដល់កុមារ និងយុវជនគ្រប់ភេទ និងពិការភាព ដោយបន្តធ្វើ ការអភិវឌ្ឍចំណេះដឹងផ្នែកសង្គម ការអប់រំ ជំនាញបំណិនជីវិតជំនាញការងារ និងភាពជាអ្នកដឹកនាំផងដែរ ។
ព្រឹត្តិការណ៍នេះជានិច្ចកាល គឺជាការរំលេចឲ្យឃើញពីភាពរីកចម្រើនយ៉ាងសំខាន់ប្រចាំឆ្នាំរបស់កុមារទាំងនេះដែលស្ទើរតែមិនទទួលបានឱកាសចូលរួមក្នុងប្រកួតប្រជែងក្នុងកីឡា និងបង្ហាញទេពកោសល្យរបស់ពួកក្នុងការធ្វើការងារជាក្រុម ទឹក ចិត្តស្រឡាញ់កីឡា និងការសហការគ្នាលើទីលានជាដើម។ តាមរយៈការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បែបនេះ ពួកគេនឹង រៀនសូត្រនូវជំនាញសំខាន់ៗដូចជា ការប្តេជ្ញាចិត្តជាកម្លាំងចលករដ៏សំខាន់ឆ្ពោះទៅរកភាពជោគជ័យ និងភាពតស៊ូធន់ទ្រាំ នៅពេលដែលពួកគេចាញ់ក្នុងការប្រកួតទៀតផង៊៕