ត្រៀមសប្បាយៗ! សង្ក្រាន្ត​បាត់ដំបងខាងមុខនេះ នឹងធ្វើឡើង​នៅបរិវេណ​វិទ្យាល័យនេតយ៉ង់

  • 2024-03-11 02:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្ត​បាត់ដំបង សហការ​ជាមួយ​សហភាពសហព័ន្ធយុវជន​កម្ពុជា ខេត្តបាត់ដំបង នឹងរៀបចំសង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

កាលពីសប្តាហ៍មុន ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ និងបាន​ដឹកនាំ​ក្រុមការងារ​ចុះពិនិត្យ​ទីតាំង​ត្រៀមរៀបចំ​សង្ក្រាន្តនេះ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារធ្វើយ៉ាងរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងនេះឱ្យកាន់តែអធិកអធមថែមទៀត ពិសេសរៀបចំនូវស្ដង់ដែលបង្ហាញអំពីផលិតផលកសិផល ឬសក្ដានុពលដែលមាននៅតាមក្រុង ស្រុកទាំង១៤ក្នុងខេត្ត ក៏ដូចជាផលិតផលក្នុងស្រុក ការរៀបចំទីកន្លែងសម្រាប់លេងល្បែងប្រជាប្រិយ រៀបចំតំបន់ត្រជាក់ចិត្តឱ្យបានល្អដោយត្រូវធ្វើការគិតគូរទាំងសុវត្ថិភាពជូនដល់អ្នកដែលបានមកលេងកំសាន្តនៅតំបន់នេះ និងយកចិត្តទុកដាក់បន្ថែមលើការរៀបចំទៅតាមតំបន់សំខាន់ៗនៅក្នុងព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបង ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តម បានណែនាំ​ឱ្យ​ពង្រឹងដល់សន្ដិសុខ សណ្ដាប់ធ្នាប់របស់ប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីផ្ដល់នូវទំនុកចិត្តរបស់គាត់ លេងកំសាន្តក្រុងបាត់ដំបង ដោយមិនមានភាពភ័យខ្លាចផ្នែកសន្ដិសុខឡើយ៕

អត្ថបទ៖ សំភី