ម៉ាច ដាវី នឹងទទួលបានការហ្វឹកហាត់ការដើរជាមួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយផ្ទាល់

  • 2024-03-12 09:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចអ្វីដែលទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri ធ្លាប់បានបង្ហោះជាសាធារណៈ គឺម្ចាស់ជយលាភី Miss Grand Ratanakiri 2024 នឹងទទួលបានការហ្វឹកហាត់ផ្នែកដើរម៉ូដជាមួយម្ចាស់ជយលាភី 5th Runner up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយផ្ទាល់តែម្តង។ ដូច្នេះ ឆាប់ៗនេះ កញ្ញា ម៉ាច ដាវី ដែលជាម្ចាស់មកុដ Miss Grand Ratanakiri 2024 នឹងធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាពការដើរ Catwalks ជាមួយ វត្តី ដោយផ្ទាល់ដូចដែល PD ប្រចាំខេត្តរតនៈគីរី បានកំណត់ទុក។

ផ្តល់កិច្ចសម្ភាសន៍ក្នុងកម្មវិធីសិល្បៈកម្សាន្តរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន កាលពីពេលថ្មីៗ លោក ភួង វណ្ណា ហៅ AB Vanna បានបញ្ជាក់ច្បាស់ៗថា ម្ចាស់មកុដ «និរន្តរភាពនៃភូមិភាគឦសាន» នឹងធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាព Catwalk ដោយផ្ទាល់ជាមួយ វត្តី ដើម្បីត្រៀមសម្រាប់ចូលរួមការប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024 នាខែមិថុនា ខាងមុខនេះ។

PD ប្រចាំខេត្តរតនៈគីរី លើកឡើងថា Miss Grand Ratanakiri 2024 របស់លោកខ្វះខាតលើតែការដើរបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះលោកនឹងបញ្ជូននាងឱ្យទៅរៀនដើរបន្ថែម ហើយក៏រៀបចំឱ្យនាងហ្វឹកហាត់លើការ Q&A បន្ថែមផងដែរ ធ្វើយ៉ាងណាឱ្យ ម៉ាច ដាវី ចូលទៅខ្លាំងក្នុងការប្រកួតថ្នាក់ជាតិតែម្តង។

PD Miss Grand Ratanakiri យល់ថា ប្រសិនបើ ដាវី បានហ្វឹកហាត់ការដើរបន្ថែមទៀត គឺនាងមានគ្រប់យ៉ាងតែម្តង ព្រោះបវរកញ្ញាប្រចាំខេត្តរតនៈគីរី មានចំនុចពិសេស ស្រាប់ហើយ ដូចជា ភាពក្លាហាន សមត្ថភាពឆ្លើយ Q&A និងភាពជឿជាក់។

ក្រឡេកទៅមើល កញ្ញា ម៉ាច ដាវី វិញនោះ ក៏បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការត្រៀមចូលរួមការប្រកួតថ្នាក់ជាតិនិងបានប្តេជ្ញាចិត្តថា នឹងពាំនាំទំនៀមទំលាប់វប្បធម៌ ជីវចម្រុះ ធនធានធម្មជាតិ ក៏ដូចជាត្បូងដ៏មានតម្លៃនៃខេត្តរតនៈគីរី បង្ហាញទៅឱ្យពិភពលោកស្គាល់កាន់តែច្បាស់ឡើង។ មួយវិញទៀត ធ្វើយ៉ាងណាជួយបង្កើនឱកាសការងារជូនប្រជាពលរដ្ឋនៅខេត្តភូមិភាគឦសាននេះឱ្យបានច្រើនផងដែរ។

Miss Grand Ratanakiri 2024 ជឿជាក់ 80% ថា អាចនឹងដណ្តើមភាពជោគជ័យក្នុងការប្រកួតថ្នាក់ជាតិ កា្លយជាបវរកញ្ញាតំណាងកម្ពុជាលើឆាកអន្តរជាតិ។ រីឯ 20% ទៀត គឺនាងនឹងបង្ហាញឱ្យពុកម៉ែបងប្អូនឃើញនៅពេលប្រកួតតែម្តង។

ការដែលនាងមានជំនឿចិត្តខ្ពស់ខ្លាំងបែបនេះ គឺដោយសារនាងជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង, ការត្រៀមយ៉ាងល្អ បូករួមការជួយជ្រៀមជ្រែងពី លោក AB Vanna PD ប្រចាំខេត្តរតនៈគីរី ដែលយកចិត្តទុកដាក់មើលថែទាំម្ចាស់មកុដ Miss Grand Ratanakiri 2024 ដូចរាជនី តាំងពីថ្ងៃដែលនាងក្លាយជាម្ចាស់មកុដមកម្ល៉េះ៕

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី