ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត ឬភេទ ដែលមន្រ្តីឃុំសង្កាត់សរសេរខុស គឺអាច​កែតម្រូវបាន

  • 2024-03-13 07:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​សេចក្តីណែនាំស្តីពី បែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជី​អត្រានុកូលដ្ឋាន ចុះកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៤ ដោយ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន​ដែលអាចកែតម្រូវបាន គឺជាទិន្នន័យ​ដែលបានសរសេរខុស ឬភាន់ច្រលំព័ត៌មាន ឬខកខានមិនបានបំពេញព័ត៌មាន (កំហុសបច្ចេកទេស) ដោយមន្រ្តីអត្រានុកូលដ្ឋានឃុំសង្កាត់ ក្នុងករណីណាមួយ​ដូចខាងក្រោម៖

-ការខុសឆ្គង​អក្ខរាវិរុទ្ធ នាមត្រកូល និង/ឬនាមខ្លួន «ជាអក្សរខ្មែរ» និង «អក្សរឡាតាំង» របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ (មានន័យថា សូរសំឡេងដូចគ្នា ឬប្រហាក់ប្រហែលគ្នា ប៉ុន្តែការសរសេរខុសគ្នា ឬមានកំហុសផ្សេងទៀត។

-ការសរសេរខុស «ភេទ» នៅពេលចុះបញ្ជីដូចជាភេទ «ប្រុស» តែសរសេរដាក់ថាភេទ «ស្រី» ឬភេទ «ស្រី» តែសរសេរដាក់ថាភេទ «ប្រុស»។

-ការចុះ​បញ្ជី​ដោយភាន់ច្រឡំលើថ្ងៃខែឆ្នាំ​កំណើត​របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ។

-ខុសថ្ងៃកំណើត​សុរិយគតិ ដូចជាថ្ងៃទី៣០ ខែកុម្ភៈ ឬថ្ងៃទី៣១ ខែមេសា។

-ខុសថ្ងៃកំណើត​ចន្ទគតិ ដូចជាសរសេរចុះដាក់ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ​១៩៨៩ ប៉ុន្តែជាក់ស្តែង​ថ្ងៃទី១០ ខែតុលា ឆ្នាំ​១៩៨៩ ជាថ្ងៃអង្គារ។

-ការភាន់ច្រឡំ​ទីតាំងភូមិសាស្រ្តរដ្ឋបាល ដូចជាសរសេរដាក់ថា ស្រុកអង្គរបុរី ខេត្តសៀមរាប ប៉ុន្តែជាក់ស្តែង​ស្រុកអង្គរបុរី ស្ថិតនៅក្នុងខេត្តតាកែវ។

-ខ្ទង់ទីកន្លែងកំណើត​ បានសរសេរខុសពីទីកន្លែងកំណើត​ដែលសាមីខ្លួនបានកើតជាក់ស្តែង ឬសរសេរ​ខុសទីតាំង​ភូមិសាស្រ្ត​រដ្ឋបាល​នាសម័យ​ដែលបុគ្គលនោះកើត។ ឧទាហរណ៍៖ បញ្ជីកំណើតរបស់​បុគ្គល​ម្នាក់បានចុះថាកើតឆ្នាំ​១៩៨៥ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប៉ុន្តែក្នុងអំឡុងឆ្នាំ​១៩៨៥ ស្រុកមង្គលបុរី ស្ថិតនៅក្នុងខេត្តបាត់ដំបង ព្រោះ​នៅឆ្នាំ​១៩៨៥ មិនទាន់បង្កើត​ខេត្តបន្ទាយមានជ័យនៅឡើយ។

-ការខកខានមិនបានចុះព័ត៌មាន​នៅក្នុងបញ្ជីអត្រានុកូលដ្ឋាន លើកលែងតែការបន្ថែមទិន្នន័យ​ព័ត៌មាន​ណាដែលធ្វើឱ្យ​សាមីខ្លួន​រួចផុតពីការទទួលខុសត្រូវខាងផ្លូវច្បាប់។

-កែតម្រូវទិន្នន័យ​នៃបញ្ជីអត្រានុកូលដ្ឋានសេចក្តីសម្រេចរបស់តុលាការ៕

អត្ថបទ៖ សំភី