ទំនប់​ដូនទ្រីដែលមាន​បច្ចេកទេសជីករូងភ្នំ គ្រោងនឹង​បញ្ចប់​ការសាងសង់នៅឆ្នាំក្រោយ

  • 2024-03-15 02:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនប់​ដូនទ្រី​ ស្ថិតក្នុង​ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានបច្ចេកទេស​ជីករូងភ្នំ ហៅថា រូងទូនេលពង្វៀងទឹក (Diversion Tunnel) សម្រេច​ការសាងសង់​បាន​ ៨១,៦% ហើយ​គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២៤ ហើយគ្រោងនឹង​បញ្ចប់ការសាងសង់​នៅក្នុងខែតុលា ឆ្នាំ​២០២៥។ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ ​​ប្រើរយៈពេលសាងសង់ចំនួន ៨៩ខែ ដែលការងារ​សាង​សង់​បា​នចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ នេះបើតាម​ការចុះផ្សាយ​របស់​ក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងដំណើរចុះពិនិត្យការងារថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជួន ប៊ិតថុល​ អនុរដ្ឋ​លេខាធិការ​​ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកស្រី Minnie Chey នាយកធនាគារកូរ៉េ K- Eximbank ប្រចាំនៅកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការអនុវត្តការថែទាំ និងដំណើរ​ការ​របស់​ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍន៍ទំនប់មង្គលបូរី និងពិនិត្យវឌ្ឍនភាព​នៃការងារ​សាងសង់​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូនទ្រីក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ឯកឧត្តម​អនុរដ្ឋលេខាធិការ​មានប្រសាសន៍ថា​ ​គណៈប្រតិភូបេសកកម្មធនាគារកូរ៉េ​ ​បាន​ចុះ​ពិនិត្យ​​ការងារ​ចំនួនពីរ​៖ ទី១)​ចុះពិនិត្យស្ថានភាពនៃការអនុវត្តការថែទាំ​ និងដំណើរការរបស់ហេដ្ឋា​រចនា​សម្ព័ន្ធ​​នៃ​គម្រោង​អភិវឌ្ឍន៍ទំនប់មង្គលបូរី​​ដែលបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ​២០១៥ ព្រមទាំងជួប​ពិភាក្សា​​ជាមួយ​តំណាង​សហគមន៍កសិករប្រើប្រាស់ទឹកអំពីកិច្ចដំណើរការប្រចាំថ្ងៃ និង​​ទី២)​ពិនិត្យ​វឌ្ឍនភាព​ការងារ​​សាង​សង់​គម្រោង​អភិវឌ្ឍន៍ទំនប់ដូនទ្រី ដែល​​មានទីតាំងស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។​

ឯកឧត្តម​បញ្ជាក់ថា​ ទំនប់​ដូនទ្រី​​​​មានលទ្ធភាព​ផ្គត់​ផ្គង់​ទឹកស្រោចស្រពសម្រាប់បង្កើន​ផលិតផល​កសិកម្មបាន​ប្រមាណ ៣៣ ០០០​ហិក​តា​នៅរដូវវស្សា និងប្រមាណ​ ៤ ៥០០ ហិកតា នៅរដូវប្រាំង ហើយក៏រួមចំណែកផងដែរ​ក្នុងការផ្គត់ផ្គង់ទឹកស្អាត​ និង​កាត់បន្ថយទឹកជំនន់។

សូមជម្រាប​ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ​នៃ​គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីមាន៖

ទី១)​ ទំនប់មេជា​ប្រភេទ​ទំនប់ស្នូលដី ថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើទទឹង ៨ម៉ែត្រ​ ​​កម្ពស់​៦០ម៉ែត្រ​ពីបាតទំនប់ និងមានប្រវែង ៦៥៤ម៉ែត្រ។

ទី២)​ សំណង់បង្ហៀរ​ធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ​ ដែល​អាច​ដោះ​ទឹកបាន ៨៥០ ម៉ែត្រគូប​/វិនាទី។

ទី៣)​ រូងទូនេលពង្វៀងទឹក (Diversion Tunnel) មានរាងជា​ក្រចក​ជើងសេះ អង្កត់ផ្ចិត ៤ម៉ែត្រ​ ប្រវែង ៤៦២ម៉ែត្រ​​។

ទី៤)​សំណង់​គ្រប់​គ្រង​ទឹក ជាប្រភេទ​សំណង់​ប៉ម​មាន​ទ្វារ​ទឹក​ច្រើនថ្នាក់​ មានទ្វារទឹកចំនួន ៥ ក្នុងនោះ​ ទំហំ​ ២,២ម x ២,២ម ចំនួន​ ៤ទ្វារ​ និងទំហំ​ ៤ម x ៤ម ចំនួ​ន​ ១ទ្វារ​ និង ស្ពានសម្រាប់​ឆ្លងទៅប៉មគ្រប់គ្រងទ្វារទឹក ប្រវែង ៥៥ម៉ែត្រ​ ទទឹង ៣ម៉ែត្រ​។

ឯកឧត្តម ​ជួន ប៊ិតថុល បានឱ្យដឹងថា​ គិតត្រឹមថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២៤នេះ​ ​​វឌ្ឍនភាពការងារ​​​​នៃ​គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី​សម្រេចបានប្រមាណ​ ៨១,៦% ក្នុងនោះ​រួមមាន​​៖

ទី១)​កា​រងារ​ចាក់​បំពេញ​ទំនប់​មេសម្រេចបាន ៥៨%

ទី២)​​សំណង់បង្ហៀរសម្រេចបាន ៩៥% ដែលតួសំណង់បេតុងបានបញ្ចប់ នៅសល់ការងារប្រព័ន្ធដោះទឹកជុំវិញសំណង់

ទី៣)​​រូងទូនេលពង្វៀងទឹកត្រូវបានបញ្ចប់​​ និងទី៤)​ការងារ​សំណង់បេតុងនៃសំណង់គ្រប់គ្រងទឹកបានបញ្ចប់នៅសល់ការងារឧបករណ៍ធារាសាស្ត្រ ២០%៕

អត្ថបទ៖ សំភី