យុវជនខ្មែរ ៩ រូបទទួលឱកាសបណ្តុះបណ្តាលភាពយន្តខ្លីរយៈពេល ១ឆ្នាំពេញពី «ក្រុមភាពយន្តឈូករ័ត្ន» ជំនាន់ទី៧
- 2024-03-17 01:27:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនខ្មែរ ៩ រូបទទួលឱកាសបណ្តុះបណ្តាលភាពយន្តខ្លីរយៈពេល ១ឆ្នាំពេញពី «ក្រុមភាពយន្តឈូករ័ត្ន» ជំនាន់ទី៧
ចន្លោះមិនឃើញ
ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមភាពយន្តឈូករ័ត្នបានចូលរួមចំណែកក្នុងវិស័យភាពយន្តខ្មែរ តាមរយៈ ការបណ្តុះបណ្តាលដល់យុវជនខ្មែរ គាំទ្រការផលិតភាពយន្តខ្លី និងមហោស្រពភាពយន្តខ្លីចតុមុខ។ ឆ្នាំនេះ ដើម្បី បង្កើនទាំងបរិមាណ និងគុណភាពធនធានមនុស្ស ក្នុងសហគមភាពយន្ត «ឈូករ័ត្ន» បានបន្តបេសកកម្មនេះ ដោយបានជ្រើសរើស យុវជន៩រូបមកពីសាវតាផ្សេងៗគ្នា ដើម្បីទទួលបានឱកាសដូច៦ជំនាន់មុនៗ។
សម្រាប់អ្នកនាង ស៊ន សុខឃៀង ដែលជាផលិតករផ្នែកព័ត៌មាន និងជាសមាជិក «ឈូករ័ត្ន» ឆ្នាំ២០២៤៖ «កន្លង មក នាងខ្ញុំធ្លាប់តែទស្សនាភាពយន្តបែបកម្សាន្ត តែកម្រនឹងយករឿងទាំងនោះមកវិភាគជាចំណេះដឹង។ បន្ទាប់ ពីបានទស្សនារឿងជាមួយក្រុមការងារ (Movie Nights) នាងខ្ញុំរៀនបានមេរៀនផ្សេងៗទាក់ទងនឹងសាច់រឿង បច្ចេកទេស និង ការដឹកនាំរឿងជាដើម ពីមិត្តរួមក្រុមដែលមានភាពចម្រុះ។»
រីឯលោក ម៉ៅ សម្បត្តិ ដែលជាសមាជិកក្មេងជាងគេនៅក្នុងក្រុម កំពុងសិក្សាឆ្នាំទី១ នៅដេប៉ាតឺម៉ង់ ផ្សព្វផ្សាយ និងសារគមនាគមន៍ បានសម្តែងចំណាប់អារម្មណ៍ថា៖ «មូលហេតុដែលខ្ញុំសម្រេចចិត្តចូលក្រុមភាពយន្តឈូករ័ត្ន មាន៣កត្តា។ ទី១ ខ្ញុំចង់បង្កើនចំណងទាក់ទងជាមួយអ្នកដែលចាប់អារម្មណ៍លើវិស័យភាពយន្តដូចគ្នា។ ទី២ ខ្ញុំចង់សាងស្នាដៃភាពយន្តដោយខ្លួនឯង តាមរយៈ«ឈូករ័ត្ន»ដែលផ្តល់ឱកាសវិសេសឱ្យខ្ញុំរៀន និងអង្កេត។ ចុងក្រោយ បទពិសោធន៍ថតភាពយន្តខ្លី និងការរៀបចំមហោស្រពភាពយន្តជាអ្វីដែលខ្ញុំចង់ស្វែងយល់ដូចគ្នា។»
បើតាមលោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន និងជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខ៖ «ពី១ ជំនាន់ទៅ១ជំនាន់ «ឈូករ័ត្ន»តែងផ្តល់បទពិសោធន៍ជាក់ស្តែងដល់យុវជនយើង។ ក្រៅពីសកម្មភាពគោល ទាំងបី ប្រចាំឆ្នាំ ជំនាន់ទី៧នេះ នឹងមានឱកាសសិក្សាស្វែងយល់បន្ថែម ពីភាពយន្ត តាមរយៈការទស្សនារឿងជុំគ្នា មិនថានៅការិយាល័យក្រុម ឬនៅរោងភាពយន្តដូចជា លេជនទេ។ លើសពីនេះ ពួកគាត់ នឹងបានចុះទស្សនកិច្ច សិក្សា នៅតាមបណ្តាក្រុមហ៊ុន និងផលិតកម្មក្នុងស្រុកទៀតផង ដើម្បីផ្សារភ្ជាប់បរិយាកាស ការងារជាក់ស្តែង ជាមួយការរៀនសូត្រ និងអនុវត្តរបស់ពួកគាត់។ ជាពិសេស ដើម្បីពង្រឹងនិរន្តរភាពរបស់សកម្មភាពក្រុម ក៏ដូចជា អង្គការ «ឈូករ័ត្ន»បានជ្រើសរើសសមាជិកក្រុមប្រឹក្សាយោបល់ (Advisory Board) ដែលសុទ្ធសឹងជា បុគ្គលមានកេរ្តិ៍ឈ្មោះ និងសាវតារជាទីទុកចិត្ត ដល់ភាគីពាក់ព័ន្ធនានា សម្រាប់ការងារឆ្នាំនេះ និងទៅមុខ។»
គួរបញ្ជាក់ផងដែរថា ក្រុមភាពយន្តឈូករ័ត្ន នឹងទទួលការបណ្តុះបណ្តាល៨សប្តាហ៍ ក្នុងខែឧសភា និងមិថុនា ខាងមុខនេះ លើជំនាញចំនួន៦ គឺ៖ ផ្នែកគ្រប់គ្រងការផលិត សរសេរអត្ថបទរឿង ដឹកនាំរឿង ជំនួយការដឹកនាំ ថតនិងចាប់ប្លង់ និងកាត់ត។ ហើយទស្សនិកជនក៏នឹងបានទស្សនាស្នាដៃរបស់ពួកគាត់ និងភាពយន្តខ្លី ផ្សេងៗទៀត នៅក្នុង «មហោស្រពភាពយន្តខ្លីចតុមុខ» ឆ្នាំ២០២៤ ក្នុងខែតុលានេះ។
ខុសពីឆ្នាំមុនៗ «ឈូករ័ត្ន» ឆ្នាំនេះមានការគាំទ្រដៃគូក្រៅស្រុក រួមមាន៖ Sabay News, Kiripost, ហាង Camera Hut, សាលាភាពយន្តPSE និង រោងភាពយន្ត Legend Cinema និង Legend Premium Cinema ដោយសារ «ឈូករ័ត្ន» មានបំណងភ្ជាប់សម្ព័ន្ធភាពឱ្យកាន់តែរលូន និងសុខដុម ជាមួយដៃគូនៅក្នុងសហគមន៍ភាពយន្តកម្ពុជាទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ «ឈូករ័ត្ន» នៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធិផលឆ្នាំថ្មីនេះ ប្រកបដោយ ភាពរលូនមិនថាតាមរយៈការផលិតភាពយន្ត និងរៀបចំមហោស្រពទេ តាមរយៈ៖ ABA - SUNFLOWER FILM ORGANIZATION - 000 804 814។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់ «ក្រុមភាពយន្តឈូករ័ត្ន» ដូចជា៖
ទំព័រហ្វេសប៊ុក៖ www.facebook.com/sunflowerfilmalliance
Telegram៖ https://t.me/sunflowerfilmorg
YouTube៖ https://www.youtube.com/@sunflowerfilmalliance977