ផ្លូវទៅកែប ឃើញថា​ចាក់កៅស៊ូ​បានច្រើនហើយ! ចុះផ្លូវពីកែប ទៅកំពត យ៉ាងណាដែរ សម្រាប់ដើរលេងចូលឆ្នាំខាងមុខនេះ?

  • 2024-03-18 03:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមីនានេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (ពីកំពត-កែប-កំពង់ត្រាច-ព្រំដែន​វៀតណាម) សម្រេចបានប្រមាណជាង ៥៥%​ លឿនជាងផែនការ១៧%។

ក្នុងកិច្ចប្រជុំមួយ​កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាព ដោយដាក់ផ្លាកសញ្ញាចរាចរណ៍ នៅតាមការដ្ឋាន ភ្លើងសញ្ញាចរាចរណ៍នៅពេលយប់ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាប​ថា គម្រោងនេះ​មានប្រវែង​ប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់​ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់​ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

គួរ​ដឹងថា ចំណែក​ផ្លូវជាតិលេខ៣១ មាន​ប្រវែង​សរុប ៥៣,៥៣គ.ម (ចាប់ពី​បែកគុស ចំណុចប្រសព្វ​ផ្លូវជាតិលេខ៣ រហូតទៅដល់​ទីរួមស្រុក​កំពង់ត្រាច ចំណុច​តភ្ជាប់ផ្លូវជាតិ​លេខ៣៣) បានលេច​ចេញវឌ្ឍនភាព​​ដោយ​សម្រេច​បាន ៦០% ហើយដែរ គិតត្រឹមដើមខែមីនានេះ និង​គ្រោងបញ្ចប់​ការងារ​តួផ្លូវចាក់ AC នៅខែ​មិថុនា​ខាងមុខ៕

អត្ថបទ៖ សំភី