មិនឱ្យចាញ់តារាចម្រៀងផ្សេងៗ អេមមី សម្រុកផលិតចម្រៀងចូលឆ្នាំទុកឱ្យហ្វេនរាំលេងកម្សាន្ត

  • 2024-03-29 09:50:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនឱ្យចាញ់តារាចម្រៀងរៀមច្បងប៉ុន្មានឡើយ អេមមី តារាចម្រៀងពន្លកថ្មីកំពុងរះក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា និងជាម្ចាស់បទ «កុំចង់ត្រូវគ្នាវិញ» កំពុងសម្រុកផលិតបទចម្រៀងចូលឆ្នាំថ្មី ទុកសម្រាប់ហ្វេនៗរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅ អេមមី បានទម្លាក់ចម្រៀងថ្មីមួយបទចំណងជើងថា «ពេញក្រមុំថ្មីៗ» ដែលបទនេះត្រូវបានគេសរសើរថា ពីរោះប្លែក ត្រូវនិងសម្លេងបែបយុវវ័យរបស់នាងតែម្តង។ សូម្បីតែអត្ថន័យបទចម្រៀងនេះ ក៏ស័ក្កសមជាមួយយុវវ័យដូចនាងផងដែរ។

ដើម្បីតម្រូវទីផ្សារនាពេលបច្ចុប្បន្ន កូនស្រីច្បងរបស់ ខាត់ ជេមស៍ ក៏ត្រៀមស្នាដៃបទញ៉ាក់មួយសម្រាប់អ្នកគាំទ្រផងដែរ ប៉ុន្តែនៅពុំទាន់ទម្លាយឱ្យដឹងចំណងជើងនៅឡើយ តែយោងតាមវីដេអូបង្ហោះលើគណនី Tik Tok ផ្លូវការរបស់ អេមមី បានបញ្ជាក់ថា «បទថ្មីឆាប់ៗនេះ» ខណៈម្ចាស់បទ «របាំចងស្នេហ៍» ក៏បានលើកឡើងថា «បទថ្មីរបស់កូនស្រីខ្ញុំបាទ អេមមី ត្រៀមសម្រាប់ចូលឆ្នាំ»។

គ្រាន់តែបង្ហើបស្នាដៃចម្រៀងថ្មីភ្លាម អ្នកគាំទ្រតារាចម្រៀងវ័យក្មេងនេះ សប្បាយចិត្តជាខ្លាំង ហើយទន្ទឹងរង់ចាំអ៊ុតមើលស្នាដៃថ្មីទាំងយ៉ាងអន្ទះសារ ព្រោះស្តាប់មើលទៅបទថ្មីរបស់កូនស្រី ខាត់ ជេមស៍ ជាប្រភេទបទសប្បាយៗស័ក្កសមសម្រាប់ការរាំលេងកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ រឹតតែទាក់ទាញខ្លាំង គឺចង្វាក់ភ្លេង និងពាក្យពេចន៍អត្ថន័យចម្រៀងថ្មីនេះ ត្រូវខ្លាំងជាមួយយុវវ័យសម័យថ្មីតែម្តង៕

រូបភាព៖ facebook និង Tik Tok Amie-អេមមី

អត្ថបទ៖ Ah Mouy