ចូលឆ្នាំ​ទៅលេងកំពត ហើយចង់ទៅលេងកែបទៀត! តោះ​មកដឹងពីស្ថានភាពផ្លូវ​ធ្វើដំណើរ​

  • 2024-04-03 03:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា គិតត្រឹម​ដើមខែមេសា ឆ្នាំ​២០២៤នេះ គម្រោង​ពង្រីក និងលើកកម្រិតគុណភាព​ផ្លូវជាតិលេខ​៣៣ ចាប់ពីរង្វង់មូល​ធូរេន ទីរួមខេត្តកំពត-កែប-កំពង់ត្រាច-ច្រកលក ព្រំដែនវៀតណាម សម្រេចវឌ្ឍនភាពការងារបាន ៦២% ហើយ។

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន សុផាត អនុប្រធានគម្រោង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទូទៅ បច្ចេកទេស និងវឌ្ឍនភាពការងារសាងសង់ និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete) ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ និងត្រួតពិនិត្យលើការងារបច្ចេកទេសសាងសង់ ចាប់ពីរង្វង់មូលធូរេន ទីរួមខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ក្នុងនោះមានទីតាំងដូចជា ៖ ចំណុចចាក់បេតុងក្នុងក្រុងកំពត គីឡូម៉ែត្រ ០០.៣០ ពិនិត្យលើផ្លូវថ្មើរជើង (Side Walk) ពិនិត្យចំណុចស្នើសុំប្រឡាយសងខាង របស់សាលាស្រុកទឹកឈូ ទីតាំងសាងសង់ស្ពានក្បាលរមាសថ្មី ចំណុចសម្រួលចរាចរណ៍នៅរង្វង់មូលសេះស ការដាក់លូនៅទីប្រជុំជនផ្សារកំពង់ត្រាច រួចបន្តចុះរហូតដល់ចំណុចបញ្ចប់គម្រោង គឺច្រកព្រំដែនលកតែម្តង។

ម្យ៉ាងវិញទៀតការចុះត្រួតពិនិត្យនេះ គឺក្នុងន័យធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ផ្លូវថ្នល់ និងអាចធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យបន្ថែមការយកចិត្តទុកដាក់លើការងារស្រោចទឹក លុបជង្ហុក និងត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាប​ថា គម្រោងនេះ​មានប្រវែង​ប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់​ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់​ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម