វ័យ១០ឆ្នាំ កូនកាត់ខ្មែរ-អាល្លឺម៉ង់ មីន ឈើរី ពូកែទាំងដើរម៉ូដ និងសម្តែង លេចមុខក្នុងរឿងខ្នាតធំញឹកញាប់

  • 2024-04-03 09:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារីឆ្លាតវ័យ មីន ឈើរី ជាពន្លកថ្មីក្នុងវិស័យសិល្បៈដែលគ្រប់គ្នាកំពុងងាកមកសំឡឹងមើល ព្រោះតែសមត្ថភាព ទេពកោសល្យ ភាពឆ្លាតវ័យ និងរូបសម្រស់ដ៏ទាក់ទាញរបស់នាង។

គួរឱ្យស្ញប់ស្ញែងខ្លាំងណាស់ វ័យទើបតែ ១០ឆ្នាំប៉ុណ្ណោះ តែ មីន ឈើរី មានសមត្ថភាពខ្ពស់ទាំងការដើរបង្ហាញម៉ូដ និងការសម្តែង ដោយកន្លងមកកុមារីគួរឱ្យស្រលាញ់នេះក្តោបបានការងារសិល្បៈជាច្រើន ទាំងការបង្ហាញម៉ូដ ការថតភាពយន្ត និងស៉្បតពាណិជ្ជកម្ម ជាដើម។

អាយុទើប១០ឆ្នាំក៏ពិតមែន តែ ឈើរី ចេះជំនាញដើរម៉ូដយ៉ាងស្ទាត់ជំនាញ សូម្បីអ្នកច្នៃម៉ូដ អូលីវ៉ា គង់ ដែលជាគ្រូបង្ហាត់បង្រៀនក៏ធ្លាប់សរសើរពីសមត្ថភាពក្មេងស្រីរូបនេះ ថែមទាំងបានផ្តល់ឱកាសឱ្យនាងបានចូលរួមដើរបង្ហាញម៉ូដក្នុង fashion show ធំៗរបស់លោក និងបានចូលរួមដើរម៉ូដព្រឹត្តិការណ៍ជាតិធំៗជាច្រើន ព្រឹត្តិការណ៍ «រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ២០២៣, កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី១ កាលពីដើមខែមីនា កន្លងទៅ។ លើសពីនេះ ឈើរី ក៏មានឱកាសចេះទៅដើរម៉ូដកម្មវិធី fashion show អន្តរជាតិ Vietnam International Junior Fashion Week នៅប្រទេសវៀតណាម រហូតទទួលបានពានរង្វាន់លើកសរសើរត្រឡប់មកកម្ពុជាទៀតផង។

ក្រៅពីជំនាញដើរម៉ូដ កូនកាត់ខ្មែរ-អាល្លឺម៉ង់ មីន ឈើរី ត្រូវផលិតករក្នុងស្រុក និងតារាសម្តែងជាច្រើននាំគ្នាសរសើរពីសមត្ថភាពសម្តែងមិនដាច់ពីមាត់ ថែមទាំងនិយាយថា កុមារីរូបនេះពិតជាក្លាហាន ហើយអាចបត់បែនសម្តែងបានគ្រប់តួអង្គមិនចាញ់សិល្បកររៀមច្បង់ប៉ុន្មានឡើយ។ ដោយសារដុងទេពកោសល្យសិល្បៈពីកំណើត ធ្វើឱ្យផលិតករសម្រេចជ្រើសរើសនាងឱ្យចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំជាហូរហែរ។

ជាក់ស្តែង គិតមកទល់ពេលនេះ ឈើរី ធ្លាប់បានចូលរួមសម្តែងក្នុងរឿងខ្នាតធំដូចជា៖ «ពពិលខ្មៅ» របស់ផលិតកម្ម Wonder Film Entertainment, «អ៊ុំចនម៉ែដោះ» របស់ផលិតកម្ម Palm Film និងឆាប់ៗនេះ ក្នុងរឿង «អ្នកម្តាយ Zoombie» របស់ផលិតកម្ម Sastra Film និងកំពុងបន្តថតរឿងថ្មីៗបន្តបន្ទាប់ផងដែរ។ ក្រៅពីនេះ ឈើរី ទទួលបានការងារស៉្បតពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗជាច្រើន។

កន្លងមក ម៉ូដែលវ័យក្មេង មីន ឈើរី ធ្លាប់បានចូលរួមប្រកួតកម្មវិធី Little Miss Cambodia 2023 តែបោះបង់កណ្តាលទី ដើម្បីចេញទៅដើម្បីដើរម៉ូដលើឆាកអន្តរជាតិប្រទេសវៀតណាម។ បច្ចុប្បន្ន កុមារីកូនកាត់ ២សាសន៍ ពុំទាន់មានគម្រោងត្រឡប់មកប្រកួតវិញនៅឡើយទេ ដោយចង់ទុកពេលធ្វើការងារសិល្បៈផ្សេងៗ និងពង្រឹងការសិក្សាជាមុនសិន៕

រូបភាព៖ ហ្វេសប៊ុក Oliva Kong & Saren Niki

អត្ថបទ៖ Ah Mouy

អត្ថបទពេញនិយម