ក្រុមហ៊ុន RMA Cambodia បង្ហាញមហិច្ឆតាធំលើវិស័យដឹកជញ្ជូន ដើម្បីជួយពង្រីកសេដ្ឋកិច្ចកម្ពុជា

  • 2024-04-08 07:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្ពោធបើកពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មឆ្នាំ២០២៤ ហើយ នៅព្រឹកថ្ងៃទី៨ ខែមេសា នេះ ក្រោមវត្ដមានរបស់លោកជំទាវរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងអគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅ ឌឹ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។

ក្នុងពេលដែលក្រុមហ៊ុនផលិតរថយន្ដ FORD ដ៏ធំដំបូងគេនៅកម្ពុជាមួយនេះ បានបង្ហាញតួលេខ ថាខ្លួនផលិតរថយន្ដបានជាង ៤,០០០គ្រឿងហើយចាប់តាំងពីបើកដំណើរការផលិតនៅក្នុងខេត្ដពោធិ៍សាត់។ អគ្គនាយកក្រុមហ៊ុន ក៏បានបង្ហាញមហិច្ឆិតាថា នឹងជំរុញសេដ្ឋកិច្ចកម្ពុជាកាន់តែរីកជម្រើន ដោយចាប់ដៃគូជាមួយរដ្ឋាភិបាល និងវិស័យឯកជនកាន់តែរឹងមាំ។

អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា លោក សាំង ងន បានថ្លែងក្នុងឱកាសបើកពិព័រណ៍នេះថា បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកបម្រើការងារជាង ៤០០០នាក់ ក្នុងនោះមានស្ដ្រី ១,១៤៤នាក់។ ក្រុមហ៊ុនបានវិនិយោគលើការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាដោយបានបង្កើតឱកាសផ្ដល់ជំនាញវិជ្ជាជីវៈ និងបញ្ជូនបុគ្គលិកទៅក្រៅប្រទេស ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដំឡើងយានយន្ដ។ ក្រៅពីផ្ដល់ឱកាសការងារ និងការវិនិយោគ ក្រុមហ៊ុនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាដៃគូអភិវឌ្ឍ និងដៃគូពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីកំណើនសេដ្ឋកិច្ចកម្ពុជា។

លោក សាំង ងន៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានមហិច្ឆិតា ជំរុញប្រទេសកម្ពុជាពីប្រទេសដែលតម្លើងរថយន្ដទៅជាប្រទេសផលិតរថយន្ដ ព្រមទាំងប្រែក្លាយប្រទេសកម្ពុជាពីប្រទេសផលិតរថយន្ដផ្គត់ផ្គង់ក្នុងស្រុកទៅជាប្រទេសផលិតរថយន្ដសម្រាប់ការនាំចេញទៅទីផ្សារក្រៅស្រុក”។

ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មលោកជំទាវ ចម និមល ក៏បានអបអរសាទរចំពោះជោគជ័យថ្មីៗរបស់ក្រុមហ៊ុន អ អិម អេ និងដៃគូពាណិជ្ជកម្មក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកជំទាវបានអញ្ជើញកាត់ខ្សែបូ និងប្រកាសបើកកម្មវិធីពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មក្រុមហ៊ុន អ អិម អេ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានវត្ដមាននៅកម្ពុជាតាំងពីឆ្នាំ ១៩៩២ ហើយបានពង្រីកខ្លួនកាន់តែធំឡើងៗ។ ក្នុងរយៈពេល ៥ឆ្នាំជាប់គ្នាចុងក្រោយនេះ រថយន្ដFORD ដែលជាឡានមួយផលិតដោយក្រុមហ៊ុន អ អិម អេ ទទួលបានចំណាត់ថ្នាក់ជាប្រភេទរថយន្ដលក់ដាច់ជាងគេនៅកម្ពុជា។ ពិព័រណ៍ធុរកិច្ច និងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងបើកឲ្យមហាជនចូលទស្សនា និងសឈ្វេងយល់អំពីចំណេះដឹងបច្ចេកវិទ្យាថ្មីៗដោយសេរីចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤៕

ជិន សុភ័ក្ដ្រ