ក្លឹបអង់គ្លេសធ្លាក់ចេញពី UCL ទោះជាវគ្គ Final ប្រព្រឹត្តិទៅនៅរាជធានីឡុងដុងក្ដី
- 2024-04-18 12:41:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបអង់គ្លេសធ្លាក់ចេញពី UCL ទោះជាវគ្គ Final ប្រព្រឹត្តិទៅនៅរាជធានីឡុងដុងក្ដី
ចន្លោះមិនឃើញ
ក្លឹបអង់គ្លេសទាំងអស់បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍ក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League នៅក្នុងរដូវកាល ២០២៣/២៤។
ក្លឹបចុងក្រោយចំនួន ២ ដែលមានវាសនាត្រឹមវគ្គ ៨ក្រុមគឺ ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបមេឃខៀវ Manchester City។
Arsenal ត្រូវបានក្លឹបអាល្លឺម៉ង់ Bayern Munich ទម្លាក់ក្រោមលទ្ធផលសរុបទាំង ២ជើង ៣ ទល់នឹង ២។ កាលពីជើងទី១ ដែលប្រព្រឹត្តិទៅនៅទឹកដី Arsenal នៅរាជធានីឡុងដុង ការប្រកួតបញ្ចប់ទៅដោយលទ្ធផល ២-២ យ៉ាងណាមិញ ខាង Bayern Munich បានយកឈ្នះនៅជើងទី២ ក្រោមលទ្ធផលយ៉ាងប្រផិតប្រផើយគឺ ១ ទល់នឹង ០។
ចំណែកឯ Manchester City វិញ តាមពិតទៅលេងស្មើគ្រាប់បាល់ ៩០នាទីជាមួយនឹងក្លឹបអធិរាជសប្រចាំរាជធានីអេស្ប៉ាញ Real Madrid។ លទ្ធផលទាំង ២ជើងគឺ ៤ ទល់នឹង ៤។ យ៉ាងណាមិញ ជាអកុសល Manchester City បានចាញ់ Real Madrid នៅក្នុងវគ្គកាត់សេចក្ដីបាល់ទាត់ ១១ម៉ែត្រ ដោយក្លឹប Real Madrid យកឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ៣។
សូមជម្រាបផងដែរថា នៅក្នុងរដូវកាលនេះដែរ ក្លឹបមកពីអង់គ្លេសមានចំនួន ៤ រួមមាន Manchester City, Arsenal, Manchester United និង Newcastle United។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រ UCL នៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែមិថុនា នៅឯកីឡដ្ឋានជាតិវេមប្ល៊ី រាជធានីឡុងដុង ប្រទេសអង់គ្លេស៕