រដ្ឋមន្រ្តីកសិកម្ម ឌិត ទីណា ចុះជ្រមុជទឹកពិនិត្យ​មើល​តំបន់​អភិរក្ស​នៅតំបន់កោះអាចម៌សេះ ដែលសម្បូរ​ដោយស្មៅសមុទ្រ (មានវីដេអូ)

  • 2024-04-22 03:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២៤ បានដឹកនាំថ្នាក់ដឹកនាំនៃវិស័យជលផល ទៅកាន់កោះអាចម៍សេះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។

បេសកកម្មនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្រ របស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា MCC សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីបានស្ដាប់បទបង្ហាញរបស់តំណាងអង្គការ MCC ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា និងថ្នាក់ដឹកនាំ បានចុះជ្រមុជទឹកទៅពិនិត្យមើលតំបន់អភិរក្សនៅតំបន់កោះអាចម៍សេះ ដែលសម្បូរទៅដោយ​ស្មៅសមុទ្រ។ ស្មៅសមុទ្រ​ដែលលូតលាស់ល្អ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីដ៏ប្រសើរសម្រាប់ពពួកសត្វគ្រប់ប្រភេទ ជាពិសេសសត្វជ្រូកទឹកដែលចាប់ផ្ដើមលេចមុខឡើងវិញនៅតំបន់នេះ។

សូមទស្សនាវីដេអូ៖

ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ស្មៅសមុទ្រ​នៅក្នុងខេត្តកែប និងខេត្តកំពត មាន​ចំនួន​ជាង ១២ ០០០ហិកតា ច្រើនជាង​ខេត្តជាប់​តំបន់ឆ្នេរផ្សេងទៀត​របស់​កម្ពុជា។

ឯកឧត្តម​បានផ្ដល់អនុសាសន៍ដល់អង្គការ MCC បន្តអនុវត្តការងាររបស់ខ្លួន​ឱ្យ​មានប្រសិទ្ធភាព​ និងត្រូវសហការឱ្យ​បានជិតស្និទ្ធជាមួយរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវតម្លាភាព និងភាពស្មោះត្រង់ រវាងគ្នាទៅវិញទៅមក ដើម្បីនិរន្ដរភាពនៃធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់កម្ពុជា៕