Toyota នឹងដំឡើងរថយន្ត Fortuner និងភីកអាប់ Hilux នៅកម្ពុជា ប្រមាណ ១៣២០គ្រឿង​ក្នុងឆ្នាំនេះ

  • 2024-05-02 07:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ រោងចក្រដំឡើងរថយន្តតូយ៉ូតា Toyota Tsusho Manufacturing Cambodia ត្រូវបាន​បើកសម្ពោធ​ដំណើរការ​ហើយ ​ស្ថិតនៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាព​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

រោងចក្រ​នេះ​ ត្រូវ​បានបោះទុនវិនិយោគប្រមាណ ៣៦,៨ លានដុល្លាអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយនឹង​សមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១៣២០ គ្រឿង សម្រាប់ឆ្នាំ២០២៤។ ក្នុងនោះ៖

ទី១- ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០ គ្រឿង

និងទី២- ប្រភេទមួយបាំងកន្លះ (Pick-up truck) ម៉ាក Toyota Hilux ចំនួន ១០៣០ គ្រឿង។

សម្តេចធិបតី បានថ្លែងអបអរសាទរ​ដល់​ក្រុមហ៊ុន​ដែលបានពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយនឹងទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយការវិនិយោគ និងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា។

ទន្ទឹមនេះ សម្តេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ឱ្យបន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស ពិនិត្យលទ្ធភាពពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមទាំងការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបណ្តារោងចក្រដៃគូនៅក្នុងតំបន់៕

ប្រភព៖ ទំព័រហ្វេសប៊ុក​សម្តេចធិបតី ហ៊ុន ម៉ាណែត

អត្ថបទថ្មី